(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បណ្ដាមេដឹកនាំដែលលោកបានជួប នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅមជ្ឈិមបូព៌ាបានព្រមានលោកថា ប្រទេសកាតា បានផ្ដល់លុយកាក់ដល់ពួកភេរវករ ហើយក្រោយមកទើបប្រធានាធិបតីរូបនេះ បានស្នើសុំដល់មេដឹកនាំអារ៉ាប់ ទាំងអស់ចូលរួមទប់ស្កាត់ ការផ្ដល់ហិរញ្ញវត្ថុដល់ពួកភេរវករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក ដូណាល់ ត្រាំ អាចបញ្ជាក់បានថា លោកបានចូលរួមធ្វើឱ្យមានការបាក់បែកនៅក្នុងពិភពអារ៉ាប់ មិនតែប៉ុណ្ណោះ លោកក៏បានកោតសរសើរផងដែរ ដល់បណ្ដាប្រទេសមជ្ឈិមបូព៌ា ដែលបានចាត់វិធានការលើកាតា បើទោះជារដ្ឋក្នុងឈូងសមុទ្រហ្គូលមួយនេះ បានធ្វើជាទីតាំងដាក់មូលដ្ឋានទ័ពអាកាសអាមេរិក ដ៏ធំនៅក្នុងតំបន់ ក៏ដោយ។
លោក ត្រាំ នៅលើសារបញ្ចេញមតិរបស់ខ្លួនលើបណ្ដាញ Twitter បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពិតជាល្អណាស់ ដែលបានឃើញដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ជាមួយស្ដេច និងមេដឹកនាំជាង៥០ប្រទេសចេញនូវលទ្ធផលជាផ្លែផ្កា។ ពួកគេបាននិយាយថា នឹងចាត់វិធានការយ៉ាងតឹងរឹង ក្នុងការទប់ស្កាត់ការផ្ដល់ហិរញ្ញវត្ថុដល់ពួកភេរវករ ហើយឯកសារយោងទំាងអស់បញ្ជាក់ថា កាតាជាអ្នកនៅពីក្រោយខ្នងរឿងនេះ ...នេះប្រហែលជាការចាប់ផ្ដើមនៃការបញ្ឈប់ពីភាពភ័យរន្ធត់នៃអំពើភេរវកម្ម»។ ប៉ុន្តែទន្ទឹមគ្នានោះដែរ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសេ្ដចអារ៉ាប៊ីសាអូឌីត ប្រធានាធិបតីអាមេរិករូបនេះ នៅតែបញ្ជាក់ពីភាពចាំបាច់នៃការរួបរួមឯកភាពគ្នា រវាងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រហ្គូល។ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិក។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន យេមែន ម៉ាល់ឌីវ និងអេហ្ស៊ីប បានប្រកាសផ្ដាច់ទំនាក់ទំនងការទូត បិទព្រំដែនគោក-ទឹក និងអាកាសជាមួយកាតាដោយចោទថា ទីក្រុងដូហាគាំទ្រក្រុមចលនាដែលពួកគេហៅថា ជាភេរវករដូចជាហាម៉ាស់ និង Muslim Brotherhood។ ប៉ុន្តែក្រុមអ្នកជំនាញមួយចំនួនយល់ថា ខុសគ្នាលើការសម្រេចចិត្តបែបនេះ ដោយអ្នកខ្លះគិតថា ទីក្រុងរីយ៉ាដរករឿងឈ្លោះជាមួយកាតា ដោយសាររឿងប្រេង រីឯអ្នកខ្លះទៀតថា ដើម្បីផ្គាប់ចិត្តសហរដ្ឋអាមេរិក ដែលកំពុងត្រូវការលុយជាច្រើនពីអារ៉ាប៊ីសាអូឌីត៕