(ហុងកុង)៖ រឿងរ៉ាវដ៏ព្រឺព្រួចមួយបានកើតឡើង តាំងតែពីថ្ងៃទី០៤ ខែមិថុនាមកម្ល៉េះ ប៉ុន្តែរបាយការណ៍ទើបតែត្រូវបានបង្ហាញជាសាធារណៈនៅព្រឹកថ្ងៃពុធនេះថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ចិន បានហោះហើរស្ទើរតែបុកជល់នឹងភ្នំ ស្ថិតនៅលើកោះ Lantau បន្ទាប់ពីទើបហោះឡើងពី អាកាសយានដ្ឋានអន្តរជាតិហុងកុង។ នេះបើតាមការដកស្រង់ការផ្សាយនៅមុននេះបន្តិចពី សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
យន្តហោះដឹកអ្នកដំណើរខាងលើរបស់អាកាសចរណ៍ចិន Flight CA428 មានគោលដៅឆ្ពោះទៅទីក្រុង Chengdu បានជួបប្រទះនូវភាពល្អៀងនៃការហោះហើរ តាមរយៈការតាមដានរបស់ផ្នែកបញ្ជាការ ដោយក្នុងនោះយន្តហោះបានរេទិសដៅទៅភាគខាងត្បូង នៅលើភូម Tai O ដែលពោរពេញដោយប្រជុំភ្នំ។ ក្រុមបញ្ជាការយន្តហោះ ភ្លាមៗបានចេញសេចក្តីព្រមានឲ្យអាកាសយានិក ធ្វើការកែតម្រង់ទិសដៅហោះហើរវិញ។ នេះបើតាមការចេញផ្សាយដោយកាសែតចិន SCMP។
តាមក្រុមជំនាញហុងកុងបានបញ្ជាក់ថា យន្តហោះខាងលើនេះគួរតែហោះហើរក្នុងរយៈកម្ពស់ ១.៣គីឡូម៉ែត្រពីលើភ្នំនោះទើបជាកម្រិតស្តង់ដារសុវត្ថិភាព ប៉ុន្តែពីឡុតទំនងជាបាត់បង់ម្ចាស់ការ ទើបបញ្ជាការហោះហើរត្រឹមតែកម្ពស់ ១គីឡូម៉ែត្រប៉ុណ្ណោះ ដែលវាជាកម្រិតគ្រោះថ្នាក់បំផុតមួយ ដែលងាយនឹងធ្វើឲ្យយន្តហោះ មានបញ្ហាជាមួយកម្លាំងទំនាញនៃតំបន់ភ្នំនោះ។
អ្នកជំនាញរបស់ហុងកុង លោក Jeremy Tam Man Ho បានលើកឡើងថា «ប្រសិនបើយន្តហោះ ដឹកអ្នកដំណើរច្រើនជាងនេះ ឬដឹកទំនិញធ្ងន់ជាងនេះ វាប្រាកដជាមិនអាចឆ្លងភ្នំនោះផុត ក្នុងរយៈកម្ពស់ទាបបែបហ្នឹងនោះឡើយ។ ប្រសិនយន្តហោះហោះនៅលើតំបន់ភ្នំនោះ ក្នុងរយៈកម្ពស់ទាបជាងនេះតែបន្តិចទៀត នោះអ្នកនឹងអាចស្រមៃហើយថា នឹងមានមហន្តរាយអ្វីកើតឡើង»។ អាកាសចរណ៍ចិនក៏បានចេញមុខបកស្រាយផងដែរចំពោះរឿងនេះ នឹងសន្យាបង្កើនការប្រុងប្រយ័ត្ន និងប្រព័ន្ធសុវត្ថិភាពបន្ថែមទៀត៕