(តូត្យូ)៖ ជប៉ុន និងវៀតណាមបានឯកភាពគ្នាលើការបង្កើន និងពង្រឹងទំនាក់ទំនងសន្តិសុខរវាងប្រទេសទាំងពីរ ដោយទីក្រុងតូក្យូផ្ទាល់យល់ព្រមផ្ដល់មូលនិធិ ក្នុងនោះរួមមានទំាងការជួយបង្កើនសមត្ថភាពល្បាតសមុទ្ររបស់វៀតណាម បរិក្ខាយោធា និងការផ្ទេរបច្ចេកវិទ្យា ខណៈចិនកំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
ការព្រមព្រៀងនេះធ្វើឡើងនៅអំឡុងពេល នៃជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីជប៉ុន លោក Shinzo Abe នៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃអង្គារ ហើយមិនតែប៉ុណ្ណោះមេដឹកនាំទាំងពីរក៏បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លំាង ជុំវិញសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង ក៏ដូចជាជំរុញឱ្យទីក្រុងប៉េកាំង (ដោយមិនលើកឡើងចំឈ្មោះនោះតេ) បញ្ជៀសការធ្វើសកម្មភាពទាំងឡាយណា ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងបង្កឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងឡើង។
គួរបញ្ជាក់ថា នៅក្នុងជំនួបនោះដែររដ្ឋាភិបាលទីក្រុងតូក្យូ និងទីក្រុងហាណូយបានចុះហត្ថាលេខាលើកិច្ចព្រមព្រៀងជាច្រើន ដោយក្នុងនោះជប៉ុនសម្រេចចិត្តផ្ដល់ជំនួយជាង ៣៨ពាន់លានយ៉េន ឬស្មើនឹង៣៥០លានដុល្លារដល់វៀតណាម ដើម្បីយកទៅអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពល្បាតនៅតំបន់សមុទ្រ៕