(អាមេរិក)៖ ប៉ូលិសអាមេរិកបានបង្ហាញពីរូបភាពវីដេអូ ស្ដីពីសកម្មភាពឃាត់ខ្លួនកំពូលជើងឯកវាយកូនហ្គោល របស់សហរដ្ឋអាមេរិក លោក Tiger Woods ពីបទបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនៅក្នុងរដ្ឋផ្លូវរីដា កាលពីខែឧសភាកន្លងទៅ។ ទន្ទឹមគ្នានោះ លោក Tiger Woods ក៏បានចេញមុខបកស្រាយ និងសូមទោសជាសាធារណៈផងដែរ ដោយលោកលើកឡើងដូច្នេះថា «ខ្ញុំចង់ឲ្យសាធារណជនបានជ្រាបថា គ្រឿងស្រវឹងពុំមានការពាក់ព័ន្ធក្នុងករណីនេះឡើយ ហើយអ្វីដែលបានកើតឡើងនោះ គឺជាប្រតិកម្មឥតរំពឹងទុកមួយនៃការប្រើប្រាស់ថ្នាំពេទ្យ ដែលខ្ញុំមិននឹកស្មានថា បានជះឥទ្ធិពលខ្លាំងបែបនេះលើរូបខ្ញុំ»។
លោក Woods បានបន្តទៀតថា «ខ្ញុំសុំទោសដោយស្មោះអស់ពីចិត្ត ចំពោះក្រុមគ្រួសារសាច់ញាតិរបស់ខ្ញុំ រួមទាំងមិត្តភក្តិ និងអ្នកគាំទ្រទាំងអស់ផងដែរ ហើយខ្ញុំសន្យាថា ខ្ញុំនឹងខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីកុំឲ្យរឿងបែបនេះកើតឡើងទៀត»។ ដោយឡែកបើតាមប៉ូលិសប្រចាំតំបន់ Palm Beach County នៃរដ្ឋផ្លូវរីដា លោក Woods ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួន ក្រោមបទសង្ស័យថា បានធ្វើការបើកបរយានជំនិះទាំងស្ថិតក្រោមឥទ្ធិពល នៃជាតិស្រវឹងនៅក្នុងទីក្រុង Jupiter តែកីឡាករវាយកូនហ្គោល វ័យ៤១ឆ្នាំរូបនេះ ក៏ត្រូវបានដោះលែងវិញនៅប៉ុន្មានម៉ោងក្រោយមក។
សូមទស្សនាវីដេអូខាងក្រោម៖