(វ៉ាស៊ីនតោន)៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រមូលគ្នីគ្នា កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា មិនមែនដោយសារហេតុផលថា ប្រទេសក្នុងពិភពអារ៉ាប់ដូចគ្នាមួយនេះ គាំទ្រក្រុមភេរវករនោះទេ ប៉ុន្តែវាអាចមានជាប់ពាក់ព័ន្ធនឹងជម្លោះ តាំងតែពីឆ្នាំ១៩៩៥មកម្លេះ បន្ទាប់ពីទីក្រុងដូហា បានទទួលជោគជ័យក្នុងការចំរាញ់ និងផលិតឧស្ម័នធម្មជាតិ LNG ដែលជាផលិតផលស្នូលបានធ្វើឱ្យកាតាក្លាយជា ប្រទេសមានឯករាជ្យភាពពីទីក្រុងរីយ៉ាត និងភ្ជាប់កាតាដោយប្រយោលទៅនឹងសត្រូវរបស់ អារ៉ាប៊ីសាអូឌីត នោះគឺប្រទេសអ៊ីរ៉ង់។ នេះបើតាមសម្តីអ្នកជំនាញអាមេរិកម្នាក់ ដកស្រង់ដោយសារព័ត៌មាន Russain Today នៅព្រឹកថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
ដោយសារឧស្ម័ន LNG បានធ្វើឱ្យកាតាក្លាយជាប្រទេសអ្នកមានមួយ នៅក្នុងពិភពលោក រហូតប្រជាជនកាតាម្នាក់អាចរកប្រាក់ចំណូលបានដល់ទៅ ១៣០,០០០ដុល្លារ ក្នុងមួយឆ្នាំឯណោះ ព្រមទំាងជាប្រទេសនាំចេញឧស្ម័ន LNG ដ៏ធំមួយផងដែរក្នុងតំបន់។ ក៏ប៉ុន្តែក្រុមហ៊ុនប្រេងកាតា North Field ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នទាំងអស់នៅក្នុងប្រទេស បែរជាចែករំលែកជាមួយអ៊ីរ៉ងទៅវិញ ហើយជាងនេះទៅទៀត កាតាថែមទាំងហ៊ានកាត់មុខទទួលស្វាគមន៍ ទីបញ្ជាការកណ្ដាលអាមេរិក ក៏ដូចជាទិញភាគហ៊ុន ២.៧ពាន់លានដុល្លារពីក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft ដែលនេះហើយជាហេតុផលធ្វើឱ្យទីក្រុងរីយ៉ាត មិនសប្បាយចិត្តជាខ្លាំង។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវផ្នែកថាមពលមកពីវិទ្យាស្ថាន Baker Institute នៃសកលវិទ្យាល័យ Rice ក្នុងទីក្រុង Houston នៃរដ្ឋ Texas លោក Jim Krane បានលើកឡើងប្រាប់ សារព័ត៌មាន Bloomberg យ៉ាងដូច្នេះថា «កាតាត្រូវបានគេមើលឃើញថា ជារដ្ឋចំណុះរបស់អារ៉ាប៊ីសាអូឌីត ក៏ប៉ុន្តែដោយសារតែទ្រព្យសម្បតិ្តនៃឧស្ម័ន វាបានធ្វើឱ្យទីក្រុងដូហាមានឯករាជ្យភាព ខណៈអារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសដទៃទៀតក្នុងតំបន់ឈូងសមុទ្រហ្គូល កំពុងដើរតាមពីក្រោយការចំរាញ់ឧស្ម័នធម្មជាតិ LNG ដូច្នេះហើយទើបពួកគេព្យាយាមរាំងខ្ទប់ និងកាត់ផ្ដាច់ស្លាបមួយនេះរបស់កាតា»។
គួររំលឹកថា កាលពីថ្ងៃចន្ទកន្លងទៅ អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន, យ៉េមែន, ម៉ាល់ឌីវ និងអេហ្ស៊ីប បានប្រកាសផ្ដាច់ទំនាក់ទំនងការទូត បិទព្រំដែនគោក-ទឹក និងអាកាសជាមួយកាតាដោយចោទថា ទីក្រុងដូហាគាំទ្រក្រុមចលនាដែលពួកគេហៅថា ជាភេរវករដូចជាហាម៉ាស់ និង Muslim Brotherhood។ ប៉ុន្តែការសម្រេចចិត្តនេះ បានកើតឡើងតែជាងពីរសប្ដាហ៍ប៉ុណ្ណោះ ក្រោយលោក ដូណាល់ ត្រាំ បំពេញដំណើរទស្សនកិច្ចក្នុងគោលដៅបូមលុយនៅ អារ៉ាប៊ីសាអូឌីត។ ចំណែកឯកាតាបានច្រានចោលការចោទប្រកាន់ទាំងនេះ ខណៈមេដឹកនាំគុយវ៉ែតប្រកាសកាលពីថ្ងៃអង្គារ ថា នឹងធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាត ដើម្បីព្យាយាមបន្ធូរបន្ធយភាពតានតឹងនេះ៕