(ម៉ូស្គូ)៖ នៅក្នុងការផ្តល់បទសម្ភាសន៍ឲ្យ លោក Oliver Stone អ្នកដឹកនាំខ្សែភាពយន្តដ៏ល្បី របស់សហរដ្ឋអាមេរិក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា គ្មានប្រទេសណាមួយនៅលើភពផែនដីនេះនៅរស់រានបានឡើយ ប្រសិនបើសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង រវាងមហាអំណាចដែលខ្លាំងជាងគេបំផុតលើលោក។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានរុស្ស៊ី RT នាព្រឹកថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
លោក Stone បានសួរសំនួរជាច្រើនទៅកាន់ លោក ពូទីន ហើយនៅក្នុងនោះចំណុចដែលគួរឲ្យចាប់អារម្មណ៍ គឺសំនួរមួយពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងនៃមនុស្សជាតិ ដែលនឹងអាចហក់ចូលទៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ធ្វើឲ្យប្រជាជនជំនាន់ក្រោយៗកាន់តែមានការភ័យខ្លាច ហើយបើវានឹងអាចផ្ទុះឡើងពិតមែន តើលោក ពូទីន រំពឹងទេថា សហរដ្ឋអាមេរិកនឹងទទួលបានជោគជ័យ លើសង្គ្រាមនោះដែរ ឬទេ?
លោក ពូទីន បានឆ្លើយតបវិញយ៉ាងដូច្នេះថា «ខ្ញុំគិតថា នឹងគ្មាននរណាម្នាក់នៅរស់រានឡើយ បើកើតមានជម្លោះបែបនោះមែន»។ នេះជាចម្លើយដ៏ខ្លីចេញពីមាត់ លោក ពូទីន ខណៈដែលកិច្ចសម្ភាសន៍របស់លោក នឹងត្រូវចាក់ផ្សាយពេញលេញតែម្តង នៅសប្តាហ៍ក្រោយនេះសម្រាប់បណ្តាញទូរទស្សន៍ និងសារព័ត៌មានរបស់រុស្ស៊ី ព្រមទាំងអាមេរិកផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន ហាក់ចង់បង្ហាញថា លោកមានការកាន់កាប់យុទ្ធសាស្ត្រយោធា យ៉ាងរឹងមាំនៅក្នុងដៃ ហើយវាជាផ្នែកមួយដែលបញ្ជាក់យ៉ាងច្បាស់ថា រាល់ស្ថានភាពរបស់ប្រទេសមហាអំណាចយោធាបន្ទាប់ពីអាមេរិកនេះ គឺជាអ្នកស្ថិតនៅក្នុងការអិវឌ្ឍជាប់ជានិច្ច និងជាអ្នកលេងល្ខោនយោធា យ៉ាងជំនាញនៅក្នុងប្រទេសស៊ីរី។ បច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិកនៅមិនទាន់មានភាពល្អប្រសើរនោះឡើយ ដោយយោងលើបញ្ហាភេរវកម្ម និងការចោទប្រកាន់រុស្ស៊ីពីសំណាក់អាមេរិក ជុំវិញការលូកលាន់កិច្ចការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០១៦៕