(វ៉ាស៊ីនតោន)៖ យោងសារអ៊ីម៉ែលបែកធ្លាយរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ ដោយគេហទំព័រ WikiLeaks ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានដឹងអំពីការឧបត្ថម្ភគាំទ្រលួចលាក់របស់ប្រទេសកាតា រួមទាំងរាជាណាចក្រអារ៉ាប៊ីសាអូឌីត ទៅកាន់បណ្តាញក្រុមភេរវករ ដែលធ្វើសកម្មភាពនៅតាមបណ្តាប្រទេសនៃតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។
សារអ៊ីម៉ែលខាងលើមានកាលបរិច្ឆេទតាំងពីខែសីហា ឆ្នាំ២០១៤ មកម្ល៉េះ ប៉ុន្តែទើបតែត្រូវបានទម្លាយចេញដោយ WikiLeaks នាសប្តាហ៍នេះ ហើយវាត្រូវបាន ផ្ញើពីលោកស្រី គ្លីនតុន ទៅកាន់ទីបឹ្រក្សារបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ស្តីពីការប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS រួមទាំងបញ្ហា ជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ហើយព័ត៌មាននៅក្នុងសារអ៊ីម៉ែលដដែលនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើប្រភពផ្សេងៗ រួមមានស្ថាប័ន ស៊ើបការណ៍សម្ងាត់ របស់អឺរ៉ុបនិងសហរដ្ឋអាមេរិក រួមទាំងប្រភពនៅក្នុងតំបន់មជ្ឈិមបូព៌ាផ្ទាល់។
សារអ៊ីម៉ែលរបស់អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកនេះ មានខ្លឹមសារយ៉ាងដូច្នេះថា «យើងចាំបាច់ត្រូវតែដាក់សម្ពាធទៅលើរដ្ឋាភិបាលរបស់កាតា និងអារ៉ាប៊ីសាអូឌីត ដែលកំពុងតែលួចផ្តល់ការគាំទ្រជាសម្ងាត់ទាំងផ្នែកហិរញ្ញវត្ថុ និងដឹកជញ្ជូនដល់ក្រុមភេរវករ ISIS និងក្រុមជ្រុលនិយមប្រដាប់អាវុធអ៊ីស្លាមដទៃផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា»។ ម៉្យាងវិញទៀតឯកសារនេះ ក៏បានលើកឡើងអំពីភាពប្រកួតប្រជែងគ្នា យ៉ាងស្វិតស្វាញរវាងទីក្រុងដូហានិងទីក្រុងរីយ៉ាដផងដែរ ក្នុងការដណ្តើមកាន់កាប់ពិភពអារ៉ាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប យេម៉ែន លីប៊ី និងម៉ាល់ឌីវ បានប្រកាសផ្តាច់ទំនាក់ទំនងការទូតគ្រប់ទម្រង់ទាំងអស់ជាមួយកាតា ដោយបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងដូហាថា បាននិងកំពុងបង្កអស្ថិរភាព ដល់ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា និងបានលួចគាំទ្របណ្តាញក្រុមភេរវករ។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលប្រទេសកាតា បានចាត់ទុកថា ការសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតនេះ ថាជារឿងអយុត្តិធម៌ ព្រមទាំងមិនអាចទទួលយកបានជាដាច់ខាត៕