(ប៉ារីស)៖ ប៉ូលិសនៃប្រទេសបារាំង បានសម្រេចប្រើអាវុធបាញ់បុរសម្នាក់ឲ្យរបួស តែមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះ បន្ទាប់ពីជនរូបនោះបានកាន់ញញួរសំដៅវាយប្រហារទៅលើពួកគេ នៅក្បែរព្រះវិហារ Notre Dame ក្នុងទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាយប់ថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។
សេចក្តីរាយការណ៍ព័ត៌មានជាច្រើន បានឲ្យដឹងថា ជនដៃដល់ខាងលើ បានប៉ុនប៉ងវាយប្រហារទៅលើមន្រ្តីប៉ូលិសបារាំងចំនួនបីនាក់ នៅទីធ្លារខាងមុខព្រះវិហារ Notre Dame ហើយភ្លាមៗប៉ូលិសម្នាក់ក្នុងចំណោមនោះ ក៏បានសម្រេចប្រើប្រាស់កាំភ្លើងបាញ់ទៅលើបុគ្គលនោះចំនួនពីរលើក ហើយក៏បង្កឲ្យរបួស។ ក្រោយមកទៀតជនបង្កហេតុ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស និងកំពុងស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលិស។
គួរបញ្ជាក់ថា អាជ្ញាធរបារាំងបានអះអាងថាករណីនេះ គឺជាអំពើរភេរវកម្ម ខណៈមនុស្សប្រមាណ៩០០នាក់ ត្រូវបានឃាត់ឲ្យស្ថិតនៅក្នុងព្រះវិហារ Notre Dame ដែលជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះមួយ ប្រចាំទីក្រុងប៉ារីសជាបណ្តោះអាសន្នសិន ដោយសារតែហេតុផលផ្នែកសន្តិសុខ៕