(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយនិងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមហ៊ុន Apple បានបង្ហាញពី Smart Speaker របស់ខ្លួនមានឈ្មោះថា HomePod ដែលមានសមត្ថភាពបញ្ជា ដោយសំឡេងក្នុងការដំណើរការកម្មវិធីតន្ត្រី ឬក៏ផ្ញើសារ SMS ដែលនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនយក្សអាមេរិកផ្នែកបច្ចេកវិទ្យាឈានមុខមួយនេះ ប្រកួតប្រជែងជាមួយនឹងផលិតរបស់ក្រុមហ៊ុន Amazon និងGoogle។ ជាមួយគ្នា Apple ក៏កំពុងត្រៀមដាក់តាំងបង្ហាញផងដែរ iPad Pro ជំនាន់ថ្មីរបស់ខ្លួនមានពីរទំហំគឺ iPad Pro ១០.៥អ៊ីញ និង១២.៩អ៊ីញ ដែល ដំណើរការដោយកម្មវិធី iOS11៕
២៖ Goldilocks Zone ឬ Habitable Zone សំដៅទៅលើតំបន់ដែលអាចទ្រទ្រង់ជីវិតបាន និងស្ថិតនៅជុំវិញផ្កាយមួយ ដែលមានសីតុណ្ហភាពដ៏ត្រឹមត្រូវសមរម្យគឺមិនក្តៅ ឬត្រជាក់ពេកឡើយ សម្រាប់ទឹកដែលជាអង្គធាតុរាវ អាចមានវត្តមាននៅលើភពមួយបាន។ ហេតុដូច្នេះហើយទើប ក្រុមតារាវិទូសន្និដ្ឋាន ភពមួយចំនួនដែល ស្ថិតនៅក្នុងគន្លងដ៏ត្រឹមត្រូវ ឬ Goldilocks Zone នោះអាចមានជីវិតដូចផែនដីយើងដែរ៕
៣៖ មេដឹកនាំគុយវ៉ែត បានជម្រុញឱ្យមេដឹកនាំកាតា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ បញ្ជៀសរាល់ការធ្វើសកម្មភាពទាំងឡាយណា ដែលបង្កឱ្យជម្លោះការទូតជាមួយ បណ្ដាប្រទេសឈូងសមុទ្រ (Gulf states) កាន់តែតានតឹងឡើង។ ការថ្លែងបែបនេះរបស់មេដឹកនាំគុយវ៉ែត ធ្វើឡើងបន្ទាប់ពី អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាត់អារ៉ាប់រួម អាជ្ញាធរភាគខាងកើតប្រទេសលីប៊ី យ៉េមែន ម៉ាល់ឌីវ និងអេហ្ស៊ីប បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូត បិទព្រំដែនទឹក-គោក និងអាកាសជាមួយកាតា ដោយចោទ ថាទីក្រុងដូហា បានបង្កអស្ថេរភាពនៅក្នុងតំបន់ព្រមទំាងគាំទ្រក្រុមភេរវករ៕
៤៖ អ្នកដំណើរជាច្រើននាក់បានសម្រេចចិត្តលោតចុះភ្លាមៗ ក្រោយពួកគេបានឡើងលើយន្ដហោះបន្តិច និងត្រូវបានជម្លៀសជាបន្ទាន់នៅអង្គារនេះ ដោយសារតែមាន សេចក្ដីរាយការណ៍វត្ថុចម្លែកម្យ៉ាងដូចជាគ្រាប់បែកត្រូវបានគេរកឃើញនៅលើជើងហោះហើរពីទីក្រុងស៊ីដនី ឆ្ពោះទៅកាន់ទីក្រុងអាល់បឺរី (Albury) ប្រទេសអូស្រាលី។ ប៉ុន្តែនៅក្នុងហេតុការណ៍នេះ មិនបានបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ៕
៥៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់អាមេរិក USS Cheyenne បានធ្វើដំណើរជ្រែកផ្ទៃសមុទ្រមកដល់កំពង់ផែប៊ូសាន (Busan) ភាគខាងត្បូង ទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូងហើយ នៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលកូរ៉េខាងជើង កំពុងក្រពុលមុខខ្លាំងរឿងការបន្ថែមទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ដែលមានអាមេរិក និងកូរ៉េខាងត្បូងជាអ្នកជ្រោមជ្រែង។ ការចល័តនាវាបែបនេះ ជារឿយៗត្រូវបានកូរ៉េខាងជើង ចោទប្រកាន់ថាគឺជាសកម្ម ភាពត្រៀមឈ្លានពានចូលទីក្រុងព្យុងយ៉ាង៕
៦៖ ប៉ូលិសអង់គ្លេស បានបញ្ជាក់អត្តសញ្ញាណភេរវករពីរនាក់ ដែលដឹកនាំការវាយប្រហារក្នុងទីក្រុងឡុងដ៍ ក្នុងនោះម្នាក់ឈ្មោះ Khuram Shazad Butt និង Rachid Redouane ហើយអ្នកទំាងពីរសុទ្ធតែជាអ្នកមកពីទីក្រុង Barking និងត្រូវបានប៉ូលិសបាញ់សម្លាប់នៅអំឡុងពេលដឹកនាំសកម្មភាពវាយប្រហារភេរវកម្ម។ ប៉ុន្តែទន្ទឹម គ្នានោះដែរ ជនសង្ស័យទំាង១២នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មក្នុងទីក្រុងឡុងដ៍ ត្រូវបានអាជ្ញាធរដោះលែងឱ្យមាន សេរីភាពវិញហើយកាលពីថ្ងៃចន្ទសប្ដាហ៍នេះដោយគ្មានការចោទប្រកាន់អ្វីទាំងអស់។ ការវាយប្រហារភេរវកម្មនេះ បានផ្ដាច់យកអាយុជីវិតមនុស្ស ០៧នាក់៕