(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានចេញមុខរិះគន់ដោយផ្ទាល់ជាលើកដំបូងលើមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងថ្មីរបស់ លោក មូន ជេអ៊ីន ដោយចោទប្រកាន់ថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង កំពុងប្រឹងប្រែងធ្វើយ៉ាងណាឱ្យទីក្រុងព្យុងយ៉ាងកាន់តែឯកោ ដោយយកលែសរឿងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន កាសែតកូរ៉េខាងជើង Minju Joson បាននិយាយថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ហាន់ មីនគូ (Han Min Gu) បាន ពិភាក្សាជាមួយមេកើយរបស់ខ្លួនគឺសហរដ្ឋអាមេរិក ដើម្បីស្វែងរកការដាក់សម្ពាធបន្ថែម លើទីក្រុងព្យុងយ៉ាង។ បន្ថែមពីលើនេះ Minju Joson បានចាត់ទុកថា ការរីកចំរើន និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ក៏ដូចជាមីស៊ីលផ្លោងរបស់ខ្លួន ជាសិទ្ធិស្វ័យការពារស្របច្បាប់។ «មនុស្សចូលចិត្តសង្រ្គាមដូចជាលោក ហាន់ មីនគូ កំពុងព្យាយាមធ្វើឱ្យកូរ៉េខាងជើងឯកោ ដោយគ្រាន់តែសំអាងលើ ការរីកចំរើនទៅមុខរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ»។ នេះបើតាមកាសែតកូរ៉េខាងជើង Minju Joson បានចុះផ្សាយ។
គួរបញ្ជាក់ថា ដូចសព្វដងទីក្រុងព្យុងយ៉ាងនៅតែព្រមានថា ត្រៀមខ្លួនជានិច្ចក្នុងការពារប្រទេស ពីការឈ្លានពានរបស់សត្រូវដូចជា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈស្ថានភាពនៅឧបទ្វីបកូរ៉េ នៅតែបន្តតានតឹងនៅឡើយ៕