(កាប៊ុល)៖ សំឡេងផ្ទុះដ៏ខ្លាំងក្លានៅក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាននាមុននេះ គឺដោយសារតែគ្រាប់រ៉ុក្កែតមួយគ្រាប់ បាញ់ចេញដោយក្រុមសកម្មប្រយុទ្ធ បានធ្លាក់ទៅក្នុងភូមិគ្រឹះរបស់ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏ប៉ុន្តែពុំបានបណ្តាលឲ្យមានមនុស្សរងគ្រោះនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមប្រភពមិនបញ្ចេញអត្តសញ្ញាណមួយ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានស៊ិនហួរគ្រាប់រ៉ុក្កែតមួយគ្រាប់បានធ្លាក់ទៅចំកន្លែងវាយកូនបាល់ ដែលស្ថិតនៅក្នុងភូមិគ្រឹះរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាហ្វហ្គានីស្ថាន នាវេលាម៉ោង ១១៖២៥នាទីព្រឹកថ្ងៃចន្ទនេះ (ពេលវេលានៅកន្លែងកើតហេតុ) ហើយការផ្ទុះដោយគ្រាប់រ៉ុក្កែតនេះ មិនបានបង្កឲ្យមានជនរងគ្រោះនោះឡើយ។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ ក៏បានកើតឡើងនៅក្បែរទីតាំងប្រារព្ធវេទិកាសន្និសីទអន្តរជាតិមួយ ស្តីពីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ដែលកំពុងប្រព្រឹត្តិទៅនៅឯរដ្ឋធានីកាប៊ុលផងដែរ ដោយមានការួមចូលពីសំណាក់បណ្តាប្រទេសចំនួន២០ និងអង្គការអន្តរជាតិជាច្រើនផ្សេងទៀត៕