(កាប៊ុល)៖ ប្រធានាធិបតីអាមេរិកអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានឱ្យថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារបំផ្ទុះគ្រាប់បែក លើរថយន្តដ៏កក្រើក នៅទីក្រុងកាប៊ុលកាលពីខែឧសភា បានកើនដល់១៥០នាក់ហើយ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយវាបានបំបែកកំណត់ត្រាចាស់កាលពីឆ្នាំ២០០១ ដែលមានមនុស្សស្លាប់ដោយសារការវាយប្រហារ ក្នុងចំនួនច្រើនបំផុត ក្នុងពេលតែមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរអាហ្វហ្គានីស្ថាន ការវាយប្រហារអត្តឃាតបំផ្ទុះរថយន្ដនេះ បានកើតឡើងតំបន់ក្បែរស្ថានទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់ នៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧ រីឯក្រុម ISIS ក៏បានចេញមុខទទួលខុសត្រូវ លើទង្វើដ៏សាហាវព្រៃផ្សៃនេះដែរ។ ក៏ប៉ុន្តែ មុននឹងមានការវាយប្រហារ រដ្ឋមន្ត្រីការពារជាតិអាមេរិកធ្លាប់បានព្រមានថា ឆ្នាំ២០១៧នេះ អាចជាឆ្នាំដែលមានការប្រឈមមុខគ្នាដ៏ក្តៅគគុកបន្ថែមទៀត រវាងកងកម្លាំងបរទេស ក៏ដូចជាអាហ្វហ្គានីស្ថាន ចំពោះមុខការវាយប្រហារដោយភេរវកម្មជាច្រើនករណី ក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីកាប៊ុល កាលពីខែឧសភា គឺជាការវាយប្រហារដ៏អាក្រក់បណ្ដាលឱ្យមនុស្សស្លាប់ច្រើនជាងគេបំផុត គិតចាប់តាំងពីឆ្នាំ២០០១មក៕