(វ៉ាស៊ីនតោន)៖ អ្នកជំនាញម្នាក់​មកពីវិទ្យាស្ថាន​សម្រាប់កិច្ចការតំបន់ឈូងសមុទ្រហ្គូល លោក អាលី អាល់ អះម៉ាត់ (Ali al-Ahmed) បាននិយាយថា ការសម្រេចចិត្ត​របស់អារ៉ាប៊ីសាអូឌីត កាត់ផ្ដាច់រាល់​ទំនាក់ទំនង​ការទូតជា​មួយកាតា អាចជាចេតនា​មួយ​នៃការត្រៀមខ្លួន​ ចូលឈ្លានពាន​ប្រទេសជា​សេដ្ឋីប្រេងដ៏តូច​មួយនេះ ដើម្បីរឹបអូសធនធាន​ផ្គាប់ចិត្ត​សហរដ្ឋអាមេរិក ដែល​លោកយល់ថា កំពុងត្រូវការលុយ​ជាច្រើនពី​អារ៉ាប៊ីសាអូឌីត។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។

សង្រ្គាមការទូតនៅ​ពិភពអារ៉ាប់ ផ្ទុះឡើងតែជាងពីរសប្ដាហ៍​ប៉ុណ្ណោះ ក្រោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចនៅ​អារ៉ាប៊ីសាអូឌីត ដោយនៅពេលនោះលោក ត្រាំ បានញុះញង់ឱ្យបណ្ដាប្រទេសអារ៉ាប់​ងើបឡើងតតាំង​ជាមួយអ៊ីរ៉ង់ ដែលលោកផ្ទាល់ចាត់​ទុកថា ជាម៉ែឪពួកភេរវករ។ ប៉ុន្តែក្រោយមកទៀត​ការប៉ះទង្គិច ពាក្យសម្ដីរវាងកាតា និងអារ៉ាប៊ីសាអូឌីត ស្រាប់តែផ្ទុះឡើង​ដោយសារទីភ្នាក់​ងារសារព័ត៌មាន​កាតាមួយ បានចុះផ្សាយ​នូវសម្រង់សម្ដី​របស់មេដឹកនាំ​កាតា តាមីម ហាម៉ាត់ អាល់ថានី ដែលមានទំនោរ​គាំទ្រអ៊ីរ៉ង់ និងរិះគន់​លើទីក្រុងរីយ៉ាដ សម្រាប់ការចំណាយប្រាក់​ដ៏ច្រើនសន្ធឹកសន្ធាប់​ ទិញអាវុធពីសហរដ្ឋអាមេរិក។

ទោះជាយ៉ាងនេះក្ដី ទីក្រុងដូហាបានអះអាងថា មេដឹកនាំ អាល់ថានី មិនបាននិយាយ​ដូច្នេះឡើយ ហើយថា គេហទំព័រសារព័ត៌មាន​កាតានោះ ត្រូវបានពួកចោរព័ត៌មាន​វិទ្យាចូលលុកលុយ ។ ម្យ៉ាងវិញទៀតកាតា​ក៏បានចាត់ទុកដែរថា ការប្រកាសកាត់ផ្ដាច់ទំនាក់ទំនង​ការទូត គឺជារឿងអយុត្តិធម៌ និងមិនអាចទទួល​បានជាដាច់ខាត។

ដោយឡែកជុំវិញ​វិបត្តិនេះដែរ ថ្លែងប្រាប់សារព័ត៌មាន​រុស្ស៊ី Sputnik នាយក និងជាស្ថាបនិក​វិទ្យាស្ថានសម្រាប់កិច្ចការ​តំបន់ឈូងសមុទ្រហ្គូល លោក អាលី អាល់ អះម៉ាត់ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនិយាយពីការចូលឈ្លាន​ពានប្រទេសកាតា... ពីព្រោះខ្ញុំទទួល​បានសេចក្ដីរាយការណ៍​ ពីចលនាយោធា​អារ៉ាប៊ីសាអូឌីត នៅក្បែរ តំបន់ព្រំដែន​ជាប់ជាមួយ​កាតា... យោធា​អារ៉ាប៊ីសាអូឌីត ពួកគេកំពុងត្រៀមខ្លួន ហើយការលុកលុយនេះ​អាចកើតឡើង លឿនជាងការ​រំពឹងទុកក៏​ថាបាន។ ទីក្រុងរីយ៉ាដ​ជារឿយៗ តែងតែដឹកនាំ​ការវាយប្រហារ​តាមផ្លូវអាកាស​នៅយ៉េមែន... ប៉ុន្តែមួយរយៈពេល​ចុងក្រោយនេះ ការវាយប្រហារ​ប្រឆាំងនឹងក្រុម​ឧទ្ទាមហ៊ូទីនៅ ប្រទេសយ៉េមែន បានថយចុះយ៉ាងកំហុគ ដែលនេះគឺជា​សញ្ញាមួយដ៏សំខាន់ អាចបញ្ជាក់បា​នថា ទីក្រុងរីយ៉ាដ កំពុងប្រមូល និងត្រៀមកងទ័ព​របស់ខ្លួនដើម្បីវាយ​លុកលើកាតា។ ជាងនេះទៅ​ទៀត អារ៉ាប៊ីសាអូឌីត ត្រូវការលុយទំាង​ដៃស្ដាំ និងដៃឆ្វេង ត្បិតបច្ចុប្បន្ន​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សំណើ ហិរញ្ញវត្ថុថ្មីមួយ​លើពួកគេ (អារ៉ាប៊ីសាអូឌីត)... ដូច្នេះពួកគេ​នឹងខ្វះលុយដ៏ច្រើន​សន្ធឹកសន្ធាប់ ហើយជាមួយនឹង​សំណើនេះ​ ពួកគេត្រូវការប្រភព​លុយថ្មីជាបន្ទាន់»

គួរបញ្ជាក់ថា  អារ៉ាប៊ីសាអូឌីត, បារ៉ែន, អេមីរ៉ាត់អារ៉ាប់រួម និងអេហ្ស៊ីប អាជ្ញាធរនៅ​ភាគខាងកើត​ប្រទេសលីប៊ី យ៉េមែន និងម៉ាល់ឌីវ បានប្រកាសកាត់ផ្ដាច់​ទំនាក់ទំនងការទូត បិទព្រំដែនទឹក-គោក និងអាកាស​ជាមួយកាតា ដោយចោទថា ទីក្រុងដូហា​បានបង្កអស្ថេរភាព​នៅក្នុងតំបន់ ព្រមទំាងគាំទ្រក្រុមភេរវករ។ យ៉ាងណាក៏ដោយ បើតាមលោក អាលី អាល់អះម៉ាត់ អារ៉ាប៊ីសាអូឌីត នឹងមិនចូលឈ្លានពាន​កាតាតែម្នាក់ឯងនោះទេ ពោលគឺ​ទីក្រុងរីយ៉ាដ ត្រូវការគាំទ្រពី​អេហ្ស៊ីប អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហើយជាពិសេស​ត្រូវរង់ចាំភ្លើងខៀវ​ ពីទីក្រុងវ៉ាស៊ីនតោនជាមុនសិន៕