(បរទេស)៖ Goldilocks Zone ឬ Habitable Zone សំដៅទៅលើតំបន់ដែលអាចទ្រទ្រង់ជីវិតបាន និងស្ថិតនៅជុំវិញផ្កាយមួយ ដែលមានសីតុណ្ហភាពដ៏ត្រឹមត្រូវសមរម្យ គឺមិនក្តៅ ឬត្រជាក់ពេកឡើយ សម្រាប់ទឹកដែលជាអង្គធាតុរាវ អាចមានវត្តមាននៅលើភពមួយបាន។ ដូចដែលយើងបានដឹងស្រាប់ហើយ ទឹកមានសារៈសំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតព្រោះថា នៅលើផែនដីយើងនេះ បើយើងឃើញមានទឹកនៅទីណា យើងក៏រកឃើញមានជីវិតនៅទីនោះដែរ ហេតុដូច្នេះហើយ ទើបក្រុមតារាវិទូសន្និដ្ឋាន ភពមួយចំនួនដែលស្ថិតនៅក្នុងគន្លងដ៏ត្រឹមត្រូវ ឬ Goldilocks Zone នោះអាចមានជីវិតដូចផែនដីយើងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ABC News នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។
លោក John Webb សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី បាននិយាយថា «ជីវិតតែមួយគត់ដែលយើងបានដឹង គឺទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់រានមានជីវិតរបស់មនុស្ស ហេតុដូច្នេះហើយវាគឺជារឿងធម្មតា ដែលយើងគួរផ្តោតការយកចិត្តទុកដាក់សំខាន់ ទៅលើបណ្តាភពទាំងឡាយណា ដែលស្ថិតក្នុងទីតាំងដែលអាចមានផ្ទុកទឹក។ យ៉ាងណាមិញ មានជីវិតក្នុងទម្រង់ជាច្រើននៅលើផែនដីយើងនេះ ហើយក៏មានវត្តមានទឹកជាច្រើនផងដែរ ក៏ប៉ុន្តែតែយើងមិនទាន់បានរកឃើញថា មានជីវិតណាផ្សេងនៅលើភពដទៃទៀតនោះឡើយ សូម្បីនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងផ្ទាល់»។
ការស្វែងរកភពនៅក្នុងតំបន់ Goldilocks Zone គឺជាមធ្យោបាយមួយ ដែលអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើការដុះខាត់ក៏ដូចជាពង្រឹងសមត្ថភាព នៃការស្វែងរករបស់ពួកគេចំពោះភពនានាដូចផែនដី ដែលអាចទ្រទ្រង់ជីវិតបាន។ ជាទូទៅការសន្មត់គឺថា បើសិនជាទឹកទំនងជាអាចមានវត្តមាននៅលើភពមួយនោះ វាក៏អាចទៅរួចដែរថា ភពនោះប្រហែលជាអាចឲ្យភាវៈមានជីវិតរស់នៅបាន។
គួរបញ្ជាក់ដែរថា ដោយគ្រាន់តែភព ឬក៏ព្រះច័ន្ទមួយស្ថិតនៅក្នុងតំបន់ Goldilocks Zone នៃផ្កាយមួយ ពុំមានន័យថា វានឹងមានជីវិត ឬទឹកនៅទីនោះឡើយ។ តួយ៉ាងផែនដីរបស់យើង គឺមិនមែនជាភពតែមួយគត់នោះទេ ដែលស្ថិតនៅតំបន់ Goldilocks Zone របស់ព្រះអាទិត្យ ដោយភពសុក្រ (Venus) និងភពអង្គារ (Mars) ក៏ស្ថិតក្នុងតំបន់អាចរស់នៅបាននេះដែរ ក៏ប៉ុន្តទោះបីជាអ្នកវិទ្យាសាស្រ្តបានអះអាងថា ភពទាំងនេះធ្លាប់មានទឹកកាលពីមុនមកយ៉ាងណាក្តី នាខណៈពេលនេះពួកវាពុំអាចទ្រទ្រង់ និងពុំមានវត្តមានភាវៈមានជីវិតឡើយ។ ក្រៅពីភពសុក្រ និងភពអង្គារ ឋានព្រះច័ន្ទក៏ស្ថិតនៅក្នុងតំបន់ Goldilocks Zone ដូចគ្នាដែរ តែគ្មានជីវិតនៅទីនោះឡើយ៕