(វ៉ាស៊ីនតោន)៖ អ្នកជំនាញមួយក្រុមរបស់សហរដ្ឋអាមេរិក បានអះអាងថា កាលពីឆ្នាំ១៩៦៧ ប្រទេសអ៉ីស្រាអែលបានប្រញាប់ប្រញាល់ រៀបចំផែនការដើម្បីបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ ប្រសិនបើខ្លួនទំនងជានឹងមិនទទួលបានជ័យជម្នះ នៅក្នុងសង្រ្គាមរយៈពេល០៦ថ្ងៃ រវាងអ៉ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់មួយចំនួនទៀតទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមក្រុមអ្នកស្រាវជ្រាវខាងលើ កម្មវត្ថុនៃគម្រោងដែលមានឈ្មោះសម្ងាត់ថា Operation Sampson ដែលត្រូវបានលាតត្រដាងនាពេលថ្មីៗនេះ គឺធ្វើការបំផ្ទុះគ្រាប់នុយក្លេអ៊ែរមួយគ្រាប់ នៅលើកំពូលភ្នំមួយកន្លែងក្នុងឧបទ្វីប Sinai ដែលជាដែនដីតភ្ជាប់រវាងទ្វីបអាស៊ី និងអាហ្រិ្វក ហើយទោះបីជាគម្រោងប្រតិបត្តិការនេះ មិនដែលត្រូវបានអនុវត្តន៍ក៏ដោយ វាត្រូវបានបង្កើតឡើងដើម្បីកំញើញក៏ដូចជាបំផិតបំភ័យ ប្រទេសអារ៉ាប់មួយចំនួនរួមមាន ហ្ស៊កដានី អេហ្ស៊ីប អ៉ីរ៉ាក់ និងស៊ីរី។
យ៉ាងណាមិញ ផ្អែកលើបទសម្ភាសន៍មួយរវាងក្រុមអ្នកស្រាវជ្រាវដដែល និងមេទ័ពអ៉ីស្រាអែល លោក Itzhak Yaakov ដែលបានទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុននោះ ប្រតិបត្តិការ Sampson របស់អីស្រាអែល ត្រូវបានគ្រោងធ្វើឡើង ដើម្បីតែជាការគម្រាមសុទ្ធសាធ មិនមែនសំដៅឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។
គួរបញ្ជាក់ថា បើសិនជាអ៉ីស្រាអែល កាលនោះ បានអនុវត្តន៍ផែនការខាងលើ វានឹងក្លាយជាលើកទីមួយហើយ ដែលមានការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរដោយយោធា គិតចាប់តាំងពីចុងសង្រ្គាមលោកលើកទីពីរមក នៅពេលដែលសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីរបស់ប្រទេសជប៉ុន៕