(គុយវ៉ែត)៖ មេដឹកនាំគុយវ៉ែត ព្រះចៅ Sheikh Sabah al-Ahmad al-Jaber al-Sabah បានជម្រុញឱ្យសមភាគី កាតា ព្រះចៅ Tamim Hamad al-Thani នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ បញ្ជៀសរាល់ការធ្វើសកម្មភាព​ទាំងឡាយណា ដែលបង្កឱ្យ​ជម្លោះការ​ទូតជាមួយបណ្ដាប្រទេសឈូងសមុទ្រ (Gulf states) កាន់តែតានតឹង​ឡើង។ នេះបើតាម​សេចក្ដីថ្លែងការណ៍​របស់មេកដឹកនាំគុយវ៉ែត ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នំា២០១៧។

ការថ្លែងបែបនេះ​របស់មេដឹកនាំ​គុយវ៉ែត ធ្វើឡើងបន្ទាប់ពី អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាត់អារ៉ាប់រួម និងអេហ្ស៊ីប បានប្រកាសកាត់ផ្ដាច់​ទំនាក់ទំនងការទូត បិទព្រំដែនទឹក-គោក និងអាកាស​ជាមួយកាតា ដោយចោទថា ទីក្រុងដូហា​បានបង្កអស្ថេរភាព​នៅក្នុងតំបន់ ព្រមទំាងគាំទ្រ​ក្រុមភេរវករ។ ប៉ុន្តែមកទល់​ពេលនេះ សង្រ្គាមការទូត​រវាងប្រទេស​អ្នកកាន់សាសនាអ៊ីស្លាម​ភាគច្រើនទាំងនេះ កាន់តែរីក​រាលដាល​ធំៗទៅ ពោលគឺអាជ្ញាធរនៅភាគខាងកើត​ប្រទេសលីប៊ី យ៉េមែន និងម៉ាល់ឌីវ​ក៏បានប្រកាស​ផ្ដាច់ទំនាក់ទំនងការទូត ជាមួយកាតាផងដែរ។

យ៉ាងណាក៏ដោយ មេដឹកនាំគុយវ៉ែតព្រះចៅ Sheikh Sabah នៅតែបញ្ជាក់ឡើងវិញពីសារៈសំខាន់​ នៃការពង្រឹង​ការធ្វើសកម្មភាព​រួមគ្នា រវាងបណ្ដាប្រទេស​ឈូងសមុទ្រពែក ដើម្បីបម្រើជា​ផលប្រយោជន៍ដល់ ​អង្គការក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ នៃប្រទេស​ឈូងសមុទ្រហ្គូល (GCC​) ដែលមាន​សមាជិកដូចជា ​បារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម។

គួរបញ្ជាក់ថា សង្រ្គាមការទូត​នៅអារ៉ាប់ ផ្ទុះឡើងតែជាងពីរ​សប្ដាហ៍ប៉ុណ្ណោះ ក្រោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ច​នៅអារ៉ាប៊ីសាអូឌីត ដោយនៅពេលនោះ​លោក ត្រាំ បានញុះញង់ឱ្យបណ្ដាប្រទេស​អារ៉ាប់ ងើបឡើងតតាំង​ជាមួយអ៊ីរ៉ង់ ដែលលោកផ្ទាល់ចាត់ទុ​កថា ជាម៉ែឪនៃពួកភេរវករ។ ប៉ុន្តែក្រោយ​មកទៀត ការប៉ះទង្គិចពាក្យសម្ដី​រវាងកាតា និងអារ៉ាប៊ីសាអូឌីត ស្រាប់តែផ្ទុះឡើង​ដោយសារ​ទីភ្នាក់ងារសារព័ត៌មាន​កាតាមួយ បានចុះផ្សាយ​នូវសម្រង់សម្ដីរបស់​មេដឹកនាំ គឺព្រះចៅ  al-Thani ដែលមានទំនោរ​គាំទ្រអ៊ីរ៉ង់ និងរិះគន់​លើទីក្រុងរីយ៉ាត​ សម្រាប់ការចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ទិញអាវុធពី​សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាង​នេះក្ដី ទីក្រុងដូហាបាន​អះអាងថា ព្រះចៅ al-Thani មិនបាននិយាយដូច្នេះឡើយ ហើយថា គេហទំព័រសារព័ត៌មាន​កាតានោះ ត្រូវបានពួកចោរព័ត៌មានវិទ្យា​ចូលលុកលុយ។ ម្យ៉ាងវិញទៀត កាតា​ក៏បានចាត់ទុកដែរថា ការប្រកាសកាត់ផ្ដាច់​ទំនាក់ទំនងការទូតគឺជារឿងអយុត្តិធម៌ និងមិនអាចទទួលបាន​ជាដាច់ខាត៕