(ប៊ូសាន)៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក USS Cheyenne បានធ្វើដំណើរជ្រែកផ្ទៃសមុទ្រមកដល់កំពង់ផែប៊ូសាន (Busan) ភាគខាងត្បូងទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូងហើយ នៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលកូរ៉េខាងជើងហាក់ដូចជាកំពុងក្រពុលមុខខ្លាំង រឿងការបន្ថែមទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ដែលមានអាមេរិក និងកូរ៉េខាងត្បូងជាអ្នកជ្រោមជ្រែង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។
នាវាខាងលើនេះមានទម្ងន់ ៦,៩០០តោន ជានាវាសម្រាប់ប្រើក្នុងសង្គ្រាម ហើយត្រូវបានបញ្ជូនមកពីកំពង់ផែ និងមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅលើកោះ Pearl Harbor របស់រដ្ឋ Hawaii មកសំចតនៅមូលដ្ឋានមួយក្នុងកំពង់ផែប៊ូសាន ចម្ងាយ៤៥០គីឡូម៉ែត្រនៃភាគខាងត្បូងទីក្រុងសេអ៊ូល។ យ៉ាងណាក៏ដោយ មន្ត្រីទ័ពអាមេរិកមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា «ការចូលចតនេះគ្រាន់តែដើម្បីឲ្យកងកម្លាំងបានសម្រាក និងត្រួតពិនិត្យផ្នែកបច្ចេកទេសលើនាវាមុជទឹកប៉ុណ្ណោះ ដោយមិនមែនជាការត្រៀមធ្វើសមយុទ្ធណាមួយ ជាមួយកងទ័ពជើងទឹកកូរ៉េខាងត្បូងនោះឡើយ»។
គួរបញ្ជាក់ថា USS Cheyenne មានប្រវែងជាង ១១០ម៉ែត្រ អាចដឹកយោធាបាន ១៣០នាក់ ហើយត្រូវបានបំពាក់ជាមួយមីស៊ីលទំនើប Tomahawk ផងដែរ ដែលអាចបាញ់បានចម្ងាយ ៣,១០០គីឡូម៉ត្រ និងគ្រាប់មីស៊ីល Harpoon ដែលអាចបាញ់បានចម្ងាយ ១៣០គីឡូម៉ែត្រ។ USS Cheyenne ត្រូវបានផលិតនៅឆ្នាំ១៩៩៦ និងធ្លាប់បំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣៕