(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា កូរ៉េខាងជើងបានច្រានចោល ការផ្តល់សម្ភារៈរបស់កូរ៉េខាងត្បូង ក្នុងការទប់ស្កាត់ជំងឺគ្រុនចាញ់ ដើម្បីប្រឆាំងតវ៉ាទៅនឹងការគាំទ្រនាពេលថ្មីៗនេះដោយរដ្ឋាភិបាលទីក្រុងសេអ៊ូល លើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលបានដាក់លើកូរ៉េខាងជើង។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយនាព្រឹកថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ។
រហូតមកទល់ពេលនេះ រាល់កម្មវិធីកិច្ចសហប្រតិបត្តិការសំខាន់ៗទាំងអស់ រវាងប្រទេសទាំងពីរ នៅតែបន្តជាប់គាំង។ កាលពីចុងខែឧសភា រដ្ឋាភិបាលរបស់ ប្រធានាធិបតីលោក Moon Jae-in បានអនុញ្ញាតឲ្យអង្គការចលនាចែករំលែកកូរ៉េ (Korean Sharing Movement) ដែលមានមូលដ្ឋាននៅទីក្រុង សេអ៊ូល ធ្វើការទាក់ទងទៅកូរ៉េខាងជើង។ នេះគឺជាការអនុម័តជាលើកដំបូង របស់កូរ៉េខាងត្បូង ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរជនស៊ីវិលឆ្លងកាត់ព្រំដែន ចាប់តាំងពីខែមករា ឆ្នាំ២០១៦។
ក្រោយមកទៀត អង្គការចលនាចែករំលែកកូរ៉េបានផ្លាស់ប្តូរសារទំនាក់ទំនង ជាមួយកូរ៉េខាងជើង និងមានគម្រោងដើម្បីបញ្ជូនសម្ភារៈប្រឆាំងនឹងជំងឺគ្រុនចាញ់ ទៅកាន់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ ប៉ុន្តែកូរ៉េខាងជើងបានប្រាប់អង្គការវិញនៅថ្ងៃចន្ទថា ខ្លួនមិនអនុញ្ញាតឲ្យមានការធ្វើទស្សនកិច្ច និងបញ្ជូនសម្ភារៈទាំងនេះនោះទេ។ នេះបើតាមសម្តីលោក Hong Sang-young មន្ត្រីអង្គការចលនាចែករំលែកកូរ៉េ បានបញ្ជាក់យ៉ាងដូច្នេះ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានសម្រេចបញ្ចេញទណ្ឌកម្មបន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង ក្នុងនោះបុគ្គលដែលជាមន្ត្រីសំខាន់ៗរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងចំនួន ១៤រូបត្រូវបានកត់បញ្ចូលក្នុងបញ្ជីខ្មៅ រួមជាមួយនឹងក្រុមហ៊ុនកូរ៉េខាងជើង ចំនួនពីរទៀតផងដែរ ឆ្លើយតបនឹងការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងឥតឈប់ឈរ៕