(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងនៅថ្ងៃចន្ទនេះថា រុស្ស៊ី មិនមែនជាអ្នកដើរតួក្នុងការបង្កើតជម្លោះការទូត រវាងប្រទេសកាតា និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ (Gulf states) ហើយខ្លួននឹងមិនធ្វើការជ្រៀតជ្រែក លើបញ្ហានេះនោះឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនាព្រឹកថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ។
«វាគឺជាបញ្ហាមួយនៃទំនាក់ទំនងទ្វេភាគី រវាងបណ្តាប្រទេសទាំងនោះ។ យើងមិនជ្រៀតជ្រែក លើការសម្រេចទាំងនេះឡើយ បើទោះបីជាយើងត្រូវបានគេសង្ស័យថា បានស្ថិតនៅពីក្រោយខ្នង លើបញ្ហាទាំងនេះ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា វាមិនមែនជាការពិតនោះទេ»។ នេះបើតាមសម្តីលោក Lavrov បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងម៉ូស្គូកាលពីថ្ងៃចន្ទសប្តាហ៍នេះ។
លោក Lavrov បានបន្តថា រុស្ស៊ីនឹងទទួលបានផលប្រយោជន៍ នៅក្នុងការរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសទាំងអស់ ជាពិសេសនៅក្នុងតំបន់ដែលមានសារៈសំខាន់មួយ «ដែលតែងតែបានរួមគ្នាប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មអន្តរជាតិ»។
គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត, បារ៉ែន, អេមីរ៉ាត់អារ៉ាប់រួម និងអេហ្ស៊ីបនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសថា ពួកគេបានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយនឹងប្រទេសកាតា ដោយចោទប្រកាន់ថា កាតាបានគាំទ្រអំពើភេរវកម្ម ដូចជាការគាំទ្រក្រុមជ្រុលនិយមនៅអ៊ីរ៉ង់ ក្រុមអាល់កៃដា និងក្រុម ISIS ផងដែរ ខណៈកាតាបានច្រានចោលនូវការចោទប្រកាន់ទាំងអស់នេះ ហើយបានហៅការសម្រេចនេះថា «មិនយុត្តិធម៌» និង «គ្មានមូលដ្ឋានច្បាស់លាស់»។
ទោះបីយ៉ាងណាក្តី ប្រទេសលីប៊ី និងម៉ាល់ឌីវ បានអះអាងថា ពួកគេនៅតែបន្តរក្សាទំនាក់ទំនងការទូត ជាមួយនឹងកាតា នៅថ្ងៃចន្ទនេះ។ វិមាន Kremlin របស់រុស្ស៊ី ក៏បានឲ្យដឹងទៀតដែរថា រុស្ស៊ីរំពឹងថា ជម្លោះផ្នែកការទូតនេះ នឹងមិនប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនោះឡើយ៕