(ឡុងដ៍)៖ ប៉ូលិសអង់គ្លេសបានឱ្យដឹងថា ជនសង្ស័យទំាងអស់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មក្នុងទីក្រុងឡុងដ៍ ត្រូវបានអាជ្ញាធរដោះ លែងឱ្យមានសេរីភាពវិញហើយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ខណៈភេរវករពីរនាក់ក៏ត្រូវគេបញ្ជាក់អត្តសញ្ញាណផងដែរ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Telegraph នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមប៉ូលិសអង់គ្លេសស្ត្រី ០៧នាក់ និងបុរស០៥នាក់ មានអាយុចន្លោះពី១៩ឆ្នាំ ដល់៦០ឆ្នាំ ដែលត្រូវបានចាប់ខ្លួនក្នុងទីក្រុង Barking នោះត្រូវបានដោះលែងឱ្យមានសេរីភាព ដោយគ្មានការចោទប្រកាន់អ្វីទាំងអស់។ ព្រមពេលជាមួយគ្នា ប៉ូលិសអង់គ្លេសក៏បានបញ្ជាក់អត្តសញ្ញាណ ភេរវករពីរនាក់ផងដែរ ក្នុងនោះម្នាក់ឈ្មោះ Khuram Shazad Butt និង Rachid Redouane ហើយអ្នកទំាងពីរសុទ្ធតែជាអ្នកមកពីទីក្រុង Barking និងត្រូវបានប៉ូលិសបាញ់សម្លាប់នៅអំឡុងពេលដឹកនាំ សកម្មភាពវាយប្រហារភេរវកម្មក្នុងទីក្រុងឡុងដ៍។
គួរបញ្ជាក់ថា ការវាយប្រហារភេរវកម្មក្នុងទីក្រុងឡុងដ៍ ដោយបើករថយន្ដបំបុក និងចាក់នឹងកូនកាំបិត បានផ្ដាច់យកអាយុជីវិតមនុស្ស០៧នាក់ រីឯមនុស្ស៣៦នាក់ នៅតែបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ហើយក្រុម ISIS បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ៕