(ឡុងដ៍)៖ សេវាសុខាភិបាលជាតិនៃចក្រភពអង់គ្លេសបានឲ្យដឹងថា មកទល់ថ្ងៃចន្ទនេះ មនុស្សចំនួន៣៦នាក់ កំពុងនៅបន្តសម្រាកព្យាបាលរបួសនៅឯ​មន្ទីរពេទ្យនៅឡើយទេ ដោយក្នុងចំណោមនោះមាន១៨នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ បន្ទាប់ពីករណីវាយប្រហារដោយភេរវកម្មបានផ្ទុះឡើងសាជាថ្មីម្តងទៀត នៅក្នុងទីក្រុងឡុងដ៍​ កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច០៧នាក់បាត់បង់ជីវិត និងរបួស៤៨នាក់ រីឯជនសង្ស័យ​ជាភេរវករចំនួន​ ០៣នាក់ទៀត ត្រូវបាន​ប៉ូលិសអង់គ្លេសបាញ់សម្លាប់ ខណៈមនុស្ស​១២នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

បើតាមប៉ូលិសអង់គ្លេសកាលពីថ្ងៃសៅរ៍ នាម៉ោងប្រហែលជា២២៖០៨នាទីយប់ (ពេលវេលានៅទីក្រុងឡុងដ៏) មានសេចក្ដីរាយការណ៍​បន្ទាន់ថា ក្រុម​ភេរវ​​ករ​ចំនួន​​បី​នាក់ បានបើករថយន្ដមួយ​គ្រឿងសំដៅបំបុក​ហ្វូងមនុស្សនៅលើស្ពាន London Bridge ហើយបន្ទាប់មក​ទៀត​បាន​ធ្វើសកម្មភាព​ចាក់មនុស្ស​ឲ្យ​របួស​ធ្ងន់​ស្រាល​ជាច្រើននាក់នៅក្នុងផ្សារ Borough Market ដែលស្ថិតនៅមិនឆ្ងាយ​ប៉ុន្មានឡើយពី​ស្ពានមួយនេះ នៅមុនពេលត្រូវបានកម្លាំងប៉ូលិសប្រើគ្រាប់​កាំ​ភ្លើង​ប្រមាណ៥០គ្រាប់ដើម្បីបាញ់សម្លាប់។ ដោយឡែក​ក្រុមសកម្មប្រយុទ្ធ ISIS តាម​​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយរបស់ខ្លួន​ឈ្មោះ Amaq បានអះអាងថាជន​សង្ស័យ​ជា​ភេរវករទាំង​០៣នាក់ខាងលើ គឺជាក្រុមអ្នកប្រយុទ្ធ​របស់ខ្លួន ដោយ​ថែម​ទាំង​អះ​អាង​ទៀតថា ពួកគេនឹងបន្តដឹកនាំ​សកម្មភាព​វាយប្រហារ របៀបនេះជាថ្មី​ម្ដងទៀត។    

គួរបញ្ជាក់ថា ការវាយប្រហារ​ខាងលើ បានកើតឡើងតែពីរ​សប្ដាហ៍ប៉ុណ្ណោះ ក្រោយមនុស្ស​ចំនួន២២នាក់ ត្រូវបានសម្លាប់​ និងរាប់សិបនាក់​ផ្សេង​ទៀត នៅ​ក្នុង​ការ​វាយប្រហារ​ដោយបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុម ISIS​ នៅក្នុងទីក្រុង Manchester៕