(រីយ៉ាដ)៖ អគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (GACA) នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត នាថ្ងៃចន្ទនេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសហាមមិនឲ្យគ្រប់យន្តហោះទាំងអស់ របស់ប្រទេសកាតា ធ្វើការចុះចតនៅឯអាកាសយានដ្ឋាន ឬមួយក៏ធ្វើដំណើរហោះឆ្លងកាត់ ដែនអាកាសរបស់ខ្លួនទៀតនោះឡើយ បន្ទាប់ពីទីក្រុងរីយ៉ាដនិងបណ្តាប្រទេសអារ៉ាប់មួយចំនួនទៀត បានសម្រេចផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍ខាងលើ ការសម្រេចចិត្តនេះនឹងត្រូវអនុវត្តន៍ភ្លាមៗតែម្តង ហើយមានប្រសិទ្ធភាពទៅលើរាល់យន្តហោះដឹកអ្នកដំណើរនឹងយន្តហោះឯកជនរបស់កាតា ដែលនឹងត្រូវហាមឃាត់មិនឲ្យហោះហើរឆ្លងកាត់ដែនអាកាសរបស់ អារ៉ាប៊ីសាអូឌីត ទៀតឡើយ។ ជាមួយគ្នានេះ GACA ក៏បានឲ្យដឹងបន្តទៀតថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ របស់រាជាណាចក្រអារ៉ាប់សាអូឌីតផ្ទាល់ ក៏គួរតែដាក់បំរាមមិនឲ្យធ្វើប្រតិបត្តិការ ទៅកាន់ប្រទេសកាតាផងដែរ។
គួរបញ្ជាក់ថា វិធានការនេះ គឺជាផ្នែកមួយនៃការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត រួមជាមួយអេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប បារ៉ែន និងយ៉េមែន បានប្រកាសផ្តាច់ទំនាក់ទំនងការទូតគ្រប់ទម្រង់ទាំងអស់ ជាមួយកាតា ដោយបានលើកយកហេតុផលថា ប្រទេសមួយនេះ ប្រើប្រាស់គោលនយោបាយការបរទេស ដែលជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងជារដ្ឋដែលគាំទ្រក្រុមភេរវកម្ម ក៏ដូចជាក្រុមជ្រុលនិយមប្រដាប់អាវុធ។ ហើយភ្លាមៗនោះ អាកាសចរណ៍យក្ស Qatar Airway របស់ប្រទេសកាតា ក៏បានសម្រេចផ្អាករាល់ជើងហោះហើរទាំងអស់ ទៅកាន់អារ៉ាប៊ីសាអូឌីតផងដែរ និងបានចាត់ទុកថា ការសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតនេះ គឺជារឿងអយុត្តិធម៌ ព្រមទាំងមិនអាចទទួលយកបានជាដាច់ខាត៕