(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង ជាពិសេសនោះគឺផ្ដោតសំខាន់លើការបែកបាក់ផ្ទៃក្នុង សម្ព័ន្ធអារ៉ាប់ ក្រោយប្រទេសអារ៉ាប់ជាច្រើនរួមទាំងអេហ្ស៊ីប ប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមាន អ្វីខ្លះសូមទស្សនា ដូចខាងក្រោម៖
១៖ ប្រទេស អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, អេហ្ស៊ីប បារ៉ែន និងយេមែន បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូត និងរាល់ទំនាក់ទំនងដែនទឹក និងអាកាស ជាមួយប្រទេសកាតា នៅថ្ងៃចន្ទនេះ ដោយចោទប្រកាន់ថាកាតា បានបង្កអស្ថេរភាពនៅក្នុងតំបន់ និងគាំទ្រក្រុមភេរវករ៕
២៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Rex Tillerson បាននិយាយជាថ្មីម្ដងទៀត នៅថ្ងៃចន្ទនេះថា ចិនគួរតែខិតខំប្រឹងប្រែងបន្ថែមទៀតតាមរយៈការដាក់ សម្ពាធឱ្យកាន់តែខ្លាំងលើកូរ៉េខាងជើង ដែលបាននិងកំពុងអភិវឌ្ឍន៍កម្មវិធីមីស៊ីលផ្លោង-នុយក្លេអ៊ែររបស់ខ្លួន នៅក្នុងកម្រិតយ៉ាងខ្លាំងក្លា ដោយមិនញញើតនឹងការដាក់សម្ពាធពីអាមេរិក រួមទាំងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ការថ្លែងបែបនេះរបស់លោក ធីលឺ្លសុន ធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានក្នុងទីក្រុងស៊ីដនី ប្រទេស អូស្ត្រាលី៕
៣៖ ខណៈដែលរដ្ឋាភិបាលហ្វីលីពីន កំពុងតែដឹកនាំប្រតិបត្តិការក្ដៅកម្ទេចក្រុមភេរវករ ដែលជាបណ្តាញ ISIS ឲ្យអស់ពីប្រទេសនោះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីដែលចូលចិត្តការជេរប្រទេច បានអះអាងថា លោកត្រូវការតែអាវុធថ្មីៗបកពីកេសប៉ុណ្ណោះ ដើម្បីវាយកម្ទេចក្រុមភេរវករ ហើយថាលោកមិនត្រូវការនោះទេ នូវអាវុធមួយទឹកៗនាំចូលពីសហរដ្ឋអាមេរិក៕
៤៖ កូរ៉េខាងជើង បច្ចុប្បន្ន មិនមែនចេះត្រឹមតែបាញ់ផ្លោងមីស៊ីលប៉ុណ្ណោះទេ ដោយនាពេលថ្មីៗនេះ ក្រុមហ៊ុនរដ្ឋកូរ៉េខាងជើង Myohyang IT បានដាក់បង្អួត iPad ដំបូងផលិតក្នុងស្រុកដែលយកគំរូតាមផលិតផល Apple មានឈ្មោះថា iPad ឬ Ryonghung iPad។ iPad របស់ក្រុមហ៊ុន Apple Ryonghung iPad មាន CPU 1GHz, Ram 1 GB, អង្គចងចាំនៅក្នុងម៉ាស៊ីន 8GB, អាចដាក់អង្គចងចាំបន្ថែម 16GB ហើយមានអេក្រង់៨អ៊ីង និងទម្ងន់២៥០ក្រាម។ ប៉ុន្តែគួរឱ្យសា្ដយគឺថា ipad នេះទំនងជាមិននឹងត្រូវនាំចេញទៅក្រៅប្រទេសនោះទេ ខណៈកូរ៉េខាងជើង កំពុងជាប់ទណ្ឌកម្មជុំទិសពីអន្តរជាតិ៕
៥៖ នៅទីបំផុតក្រុម ISIS បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារដោយភេរវកម្មកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេសដែលបណ្ដាលឱ្យ មនុស្សយ៉ាងហោចណាស់ ០៧នាក់ស្លាប់ និងរបួស៤៨នាក់ រីឯជនសង្ស័យជាភេរវករ ០៣នាក់ទៀត ត្រូវបានបាញ់សម្លាប់ ខណៈមនុស្ស១២នាក់ក៏ត្រូវបានចាប់ខ្លួន ផងដែរ នៅក្នុងប្រតិបត្តិការវាយឆ្មក់ពីរលើកដាច់ដោយឡែកពីគ្នា នៅភាគខាងកើតទីក្រុងឡុងដ៍៕
៦៖ ប្រមុខដឹកនាំលេខមួយគ្មានពីររបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្គាប់ឲ្យកងទ័ពអាកាសរបស់ខ្លួនត្រៀមលក្ខណៈដើម្បីបើកការវាយប្រហាទៅលើនាវា ដឹកយន្តហោះចម្បាំងរបស់សត្រូវ ស្របពេលដែលក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិក បាននិងកំពុងធ្វើប្រតិបត្តិការនៅដែនទឹកក្បែរឧបទ្វីបកូរ៉េ។ ប៉ុន្តែនេះមិនមែន ជាលើកទីមួយឡើយដែលកទីក្រុងព្យុងយ៉ាងធ្វើការព្រមានបែបនេះ៕