(តេហេរ៉ង់)៖ អ៉ឺរ៉ង់ដែលជាសត្រូវចម្បងរបស់អារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះបានចេញមុខប្រដៅ ពិភពអារ៉ាប់ថា ការសម្រេចចិត្តរបស់បណ្ដាប្រទេសក្នុងឈូងសមុទ្រ (Gulf states) និងអេហ្ស៊ីប កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា មិនអាចជួយអ្វីបានឡើយ ហើយក៏មិនមែនជាមធ្យោបាយដោះស្រាយវិបត្តិរុំារ៉ៃ នៅតំបន់មជ្ឈិមបូព៌ានោះដែរ។ ទន្ទឹមគ្នានោះទីក្រុងដូហាចាត់ទុកថា ការសម្រេចបែបនេះគឺជារឿងអយុត្តិធម៌បំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
ប្រទេស អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន យ៉េមែន និងអេហ្ស៊ីប បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយចោទប្រកាន់ត្រង់ៗតែម្ដងថា ទីក្រុងដូហា បានបង្កអស្ថេរភាពនៅក្នុងតំបន់ និងគាំទ្រក្រុមភេរវករ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានខុទ្ទកាល័យប្រធានាធិបតីអ៉ឺរ៉ង់ លោក Hamid Aboutalebi បានគូសបញ្ជាក់នៅលើ Twitter ថា «ការសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូត និងបិទព្រំដែនជាមួយកាតា មិនមែនជាមធ្យោបាយដោះស្រាយបញ្ហានោះទេ ហើយ បណ្ដាប្រទេសទំាងនេះក៏គ្មានជំរើសអ្វីផ្សេង ក្រៅតែពីស្វែងរកកិច្ចសន្ទនាឡើយ»។
គួរបញ្ជាក់ថា បើទោះជាមិនបាននិយាយចំៗក៏ដោយ ប៉ុន្តែលោក Hamid Aboutalebi ហាក់ដូចជាបង្ហាញការយល់ឃើញថា ការបែកបាក់នៅក្នុងចំណោមបណ្ដារដ្ឋអារ៉ាប់នេះ គឺអាចបណ្ដាលមកពីដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅអារ៉ាប៊ីសាអូឌីត កាលពីខែឧសភាកន្លងទៅ។ «តើមានអ្វីកើតឡើងនៅក្រោយពិធីរាំច្រៀង (របស់ លោក ដូណាល់ ត្រាំនៅអារ៉ាប៊ីសាអូឌីត)។ នេះបើតាមលោក Hamid Aboutalebi៕