(ដូហា)៖ ក្រុមហ៊ុនអាកាសចរណ៍យក្សរបស់ប្រទេសកាតា Qatar Airway នៅលើគេហទំព័រផ្លូវការបានឱ្យដឹងថា ខ្លួនបានសម្រេចចិត្តផ្អាករាល់ជើងហោះហើរទាំងអស់ ទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត ខណៈរដ្ឋាភិបាលទីក្រុងដូហាបានចាត់ទុកថា ការសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតគឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
ការសម្រេចចិត្តរបស់ក្រុមហ៊ុន Qatar Airway ធ្វើឡើងបន្ទាប់ពីប្រទេស អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប បារ៉ែន និងយេមែន បានសម្រេចចិត្តកាត់ផ្ដាច់ ទំនាក់ទំនងការទូត និងរាល់ទំនាក់ទំនងដែនទឹក រួមទាំងអាកាសជាមួយកាតា ដោយចោទប្រកាន់ថាទីក្រុងដូហា បានបង្កអស្ថេរភាពនៅក្នុងតំបន់ និងគំាទ្រក្រុម ភេរវករ។
គួរបញ្ជាក់ថា ជុំវិញបញ្ហាដ៏ក្តៅគគុកនេះអ៊ីរ៉ង់ដែលជាសត្រូវចម្បងរបស់ អារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះបានចេញមុខប្រដៅពិភពអារ៉ាប់ថា ការសម្រេចចិត្តរបស់បណ្ដាប្រទេសក្នុងឈូងសមុទ្រ (Gulf states) និងអេហ្ស៊ីប កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា មិនអាចជួយអ្វីបានឡើយ ហើយក៏មិនមែនជាមធ្យោបាយដោះស្រាយវិបត្តិរុំារ៉ៃ នៅតំបន់មជ្ឈិមបូព៌ានោះដែរ៕