(ស៊ីដនី)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Rex Tillerson បានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេសចិនគួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ទាក់ទិននឹងបញ្ហានៃប្រទេសកូរ៉េខាងជើង ដែលបាន និងកំពុងអភិវឌ្ឍន៍កម្មវិធីមីស៊ីលផ្លោង-នុយក្លេអ៊ែររបស់ខ្លួន នៅក្នុងកម្រិតយ៉ាងខ្លាំងក្លា ដោយមិនញញើតនឹងការដាក់សម្ពាធពីអាមេរិក រួមទាំងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ សូម្បីតែបន្តិចឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯទីក្រុងស៊ីដនី ក្រោយពីកិច្ចជួបពិភាក្សាការងារ រវាងរដ្ឋមន្រ្តីការបរទេស និងការពារជាតិអាមេរិក-អូស្រ្តាលី លោក Tillerson បានលើកឡើងថា «ចិន និងដៃគូក្នុងតំបន់ដទៃៗទៀត គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីជួយដោះស្រាយស្ថានការណ៍សន្តិសុខដ៏តានតឹងនេះ ដែលមិនត្រឹមកំពុងបង្កការគំរាមកំហែងក្នុងតំបន់ប៉ុណ្ណោះទេ តែព្រមទាំងបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូលថែមទៀតផង»។
លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានបន្តថា «យើងចង់បានទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែយើងមិនអាចអនុញ្ញាតឲ្យទីក្រុងប៉េកាំង ប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួន យកមកបាំងការដោះស្រាយបញ្ហាផ្សេងៗឡើយ មិនថា ការបំពាក់សព្វាវុធនៅតាមប្រជុំកោះ ក្នុងតំបន់សមុទ្រចិនខាងត្បូង ឬមួយក៏ការបរាជ័យក្នុងការដាក់សម្ពាធ ក្នុងកម្រិតដ៏សក្តិសមទៅលើកូរ៉េខាងជើងនោះឡើយ»។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានក្លាយជាបញ្ហាផ្នែកសន្តិសុខដ៏ចម្បង សម្រាប់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីរបបដឹកនាំទីក្រុងព្យុងយ៉ាងបានប្តេជ្ញាថា នឹងបង្កើនល្បឿនកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ខ្លួន ហើយបន្តអភិវឌ្ឍន៍មីស៊ីលផ្លោងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក។ ជុំវិញបញ្ហានេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិងកំពុងជំរិតឲ្យចិន ធ្វើការគ្រប់គ្រងក៏ដូចជាទប់ស្កាត់អ្នកក្បែរខាងដ៏រឹងទទឹងរបស់ខ្លួននេះ ឲ្យបានជាបន្ទាន់ ខណៈទីក្រុងប៉េកាំងបានលើកឡើងថា តួនាទីសម្រាប់ទប់ស្កាត់កូរ៉េខាងជើង គឺមិនមែនជាបន្ទុករបស់ខ្លួនតែឯងនោះឡើយ៕