(ស៊ីដនី)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) បានអំពាវនាវឲ្យប្រទេសឈូងសមុទ្រទាំងអស់ (Gulf states) ព្យាយាមរក្សាការរួបរួមគ្នា និងដោះស្រាយបញ្ហាខ្វែងគំនិត បន្ទាប់ពីបណ្តាប្រទេសមួយចំនួនដូចជា បារ៉ែន, អេហ្ស៊ីប, អេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត សម្រេចផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងកាតា ដោយចោទប្រទេសមួយនេះថា ជារដ្ឋគាំទ្រអំពើភេរវកម្ម។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia ដកស្រង់ពីបណ្តាញ AFP នារសៀលថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
លោក Tillerson បានថ្លែងនាអំឡុងពេលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីយ៉ាងដូច្នេះថា «យើងសូមធ្វើការលើកទឹកចិត្តឲ្យភាគីនានា អង្គុយចុះ និងលើកឡើងអំពីការខ្វែងគំនិតគ្នាទាំងឡាយ។ ប្រសិនបើយើងមានឱកាស អាចចូលរួមជួយដោះស្រាយបញ្ហានោះ យើងគិតថាវាជារឿងសំខាន់ណាស់ដែលក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រ GCC នៅតែរក្សាការរួបរួមគ្នា»។
គួរបញ្ជាក់ថា បញ្ហាថ្មីៗនេះគឺជាវិបត្តិនៃទំនាក់ទំនងការទូតដ៏អាក្រក់បំផុតក្នុងតំបន់។ ប្រទេស អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប បារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនង ការទូតជាមួយកាតា ដោយចោទថា ទីក្រុងដូហាបានបង្កអស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាគំាទ្រក្រុមភេរវករ និងលូកដៃក្នុងកិច្ចរដ្ឋនៃប្រទេសរបស់ពួកគេ។
បញ្ហាដែលរឹតតែក្តៅគគុកនោះ គឺបារ៉ែនបានប្រកាសថា ប្រជាជនកាតាត្រូវតែចាកចេញពី ប្រទេសបារ៉ែនក្នុងរយៈពេល ០២សប្ដាហ៍ ហើយការធ្វើចរាចរណ៍តាមផ្លូវអាកាស និង ដែនទឹករវាងប្រទេសទំាងពីរត្រូវលុបចោល ខណៈរាល់បេសកម្មការទូតទំាងអស់ របស់កាតាត្រូវដកចេញពីបារ៉ែនក្នុង រយៈពេល៤៨ម៉ោង រីឯបេសកកម្មការទូតរបស់បារ៉ែន ក៏ត្រូវចាកចេញពីកាតា សម្រាប់រយៈពេលដូចគ្នានេះដែរ។
គួរំលឹកថា កាលពីឆ្នាំ២០១៤ ប្រទេស អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងបារ៉ែន ក៏ធ្លាប់កោះហៅអគ្គរដ្ឋទូតរបស់ពួកគេប្រចាំទីក្រុងដូហា ត្រឡប់មកស្រុកវិញផងដែរ ដោយនៅកាលនោះប្រទេស ក្នុងតំបន់ឈូងសមុទ្រហ្គូលទំាងបីបានចោទថា កាតា មានសម្ព័ន្ធភាពជាមួយក្រុមភារតភាពមូស្លីម (Muslim Brotherhood) ក្រោយការផ្ដួលរំលំប្រមុខរដ្ឋអេហ្ស៊ីប លោក មហាម៉ាត់ ម៉ូស៊ី៕