(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលផុតលេខនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្គាប់ឲ្យកងទ័ពអាកាសរបស់ខ្លួន ត្រៀមលក្ខណៈដើម្បីបើកការវាយប្រហារទៅលើនាវាដឹកយន្តហោះចម្បាំងរបស់សត្រូវ ស្របពេលដែលក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិក បាននិងកំពុងធ្វើប្រតិបត្តិការនៅដែនទឹកក្បែរឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
ក្រោមវត្តមានរបស់លោក គីម ជុងអ៊ុន ព្រឹត្តិការណ៍ប្រកួតប្រជែងការហោះហើរ នៅក្នុងចំណោមអាកាសយានិកកំពូលៗ របស់កងទ័ពអាកាសកូរ៉េខាងជើង ត្រូវបានធ្វើឡើង ក្នុងគោលបំណងហ្វឹកហាត់អាកាសយានិកដ៏ឆ្នើមៗរបស់ខ្លួន ឲ្យមានសមត្ថភាពកាន់តែខ្លាំងក្លា ដែលអាចធ្វើការកម្ទេចរាល់គោលដៅទាំងអស់ រួមទាំងនាវាផ្ទុកយន្តហោះចម្បាំងរបស់សត្រូវថែមទៀតផង។ នេះបើតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃព្រឹត្តិការណ៍នេះឡើយ។
គួរបញ្ជាក់ថា ជាមួយគ្នានេះសហរដ្ឋអាមេរិក កំពុងតែបង្កើនការធ្វើសមយុទ្ធជើងទឹកបន្ថែមទៀត ជាមួយកូរ៉េខាងត្បូង ដោយមានការចូលរួមពីសំណាក់នាវាដឹកយន្តហោះចម្បាំង USS Carl Vinson ផងដែរ ហើយសរុបមក អាមេរិកបានបញ្ជូននាវាដឹកយន្តហោះចម្បាំងបីគ្រឿងហើយ មកកាន់ឧបទ្វីបកូរ៉េ ដើម្បីកំញើញប្រទេសកូរ៉េខាងជើង និងការពារសម្ព័ន្ធមិត្តរបស់ខ្លួន៕