(សេអ៊ូល)៖ កូរ៉េខាងត្បូងកំពុងសាកសួរជនជាតិកូរ៉េខាងជើង០៤នាក់ ដែលត្រូវបានជួយសង្រ្គោះពីតំបន់សមុទ្រខាងកើត ហើយថានឹងបញ្ជូនពួកគេត្រឡប់ទៅកាន់ ទីក្រុងព្យុងយ៉ាងវិញ បើសិនជាពួកគេចង់។ នេះបើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមក្រសួងខាងលើដដែល ជនជាតិកូរ៉េខាងជើងទំាង០៤នាក់ខាងលើ ត្រូវបានជួយសង្រ្គោះនៅលើទូកនេសាទ ០២គ្រឿង កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍មុន ដោយកងនាវាកូរ៉េខាងត្បូង ហើយមកទល់ពេលនេះ ពួកគេកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និងសាកសួរថា តើពួកគេចង់ត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ ឬក៏យ៉ាងណា។ មួយវិញទៀតការជួយសង្រ្គោះនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងសេអ៊ូល បញ្ជូនអ្នកនេសាទកូរ៉េខាងជើង០៦នាក់ ត្រឡប់ទៅទីក្រុងព្យុងយ៉ាង ក្រោយពួកគេត្រូវបានជួយសង្រ្គោះ ចេញពីទូករបស់ពួកគេដែលបានវង្វេង។
គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនៅលើឧបទ្វីបកូរ៉េ នៅតែបន្តស្ថិតក្នុងសភាពប្រកាសសង្រ្គាមជានិច្ច ត្បិតកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានចុះត្រឹមតែកិច្ចព្រមព្រៀង ឈប់បាញ់ប៉ុណ្ណោះក្រោយសង្រ្គាមកូរ៉េបញ្ចប់នៅឆ្នាំ១៩៥៣ ពោលគឺមិនមែនជាសន្ធិសញ្ញាសន្តិភាពអ្វីនោះទេ។ ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលកូរ៉េខាងត្បូង តែងតែលើកទឹកចិត្តឱ្យប្រជាជនកូរ៉េខាងជើង រត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូង ដោយថែមទំាងអះអាងថា នឹងផ្ដល់ជីវិតថ្មីដល់ពួកគេ ហើយបើអ្នកណារត់មកជាមួយឯកសារ សម្ងាត់នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង ឬសព្វាវុធនោះ ពួកគេនឹងទទួលបានរង្វាន់ជាប្រាក់ទៀតផង៕