(ហ្វីលីពីន)៖ ខណៈដែលរដ្ឋាភិបាលហ្វីលីពីន កំពុងតែកញ្ជ្រោលចង់កម្ទេចក្រុមភេរវករ ដែលជាបណ្តាញ ISIS ឲ្យអស់ពីប្រទេសនោះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីចូលចិត្តការជេរប្រទេច បានអះអាងថា លោកត្រូវការតែអាវុធថ្មីៗបកពីកេសប៉ុណ្ណោះ ដើម្បីវាយកម្ទេចក្រុមភេរវករ ហើយលោកមិនត្រូវការនោះទេ នូវអាវុធមួយទឹកៗនាំចូលពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
លោក ឌូតឺតេ បានលើកឡើងកាលពីចុងសប្តាហ៍មុននេះយ៉ាងដូច្នេះថា «ខ្ញុំមិនអាចទទួលយក សព្វាវុធយោធាមួយទឹកៗបន្តទៀតនោះឡើយ។ ខ្ញុំមិនចង់បានអាវុធ ដែលនាំចូលពីអាមេរិកទៀតទេ។ អំឡុងពេលដែលខ្ញុំកាន់អំណាច ខ្ញុំមិនទទួលយកនាវាចម្បាំង ដែលគេធ្លាប់ប្រើហើយជាដាច់ខាត។ វាត្រូវតែជារបស់ថ្មីសន្លាង»។ ការថ្លែងរបស់លោក ឌូតឺតេ នេះគឺនៅចំពោះមុខ កងកម្លាំងយោធានៅកោះមីនដាណាវ ភាគខាងត្បូងប្រទេស ជាទីដែលកម្លាំងរដ្ឋាភិបាលកំពុងតែប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ជាមួយក្រុមឧទ្ទាមដែលមានទំនោរគាំទ្រ ISIS។
បន្ថែមពីនេះទៀត លោក ឌូតឺតេ នៅបានសង្កត់ធ្ងន់ថា ទោះបីជាវុធថ្មីៗនោះ តម្រូវឲ្យលោកបង់ថ្លៃលើសមុនទ្វេដងក៏ដោយ ក៏លោកនៅតែទិញវាដែរ។ គួរបញ្ជាក់ថា លោក ឌូតឺតេ ធ្លាប់បានបង្ហាញពីគោលជំហរទិញអាវុធពីរុស្ស៊ី និងចិន ជំនួសឲ្យការទិញពីអាមេរិករាប់ទសវត្សរ៍មកនេះ ដើម្បីសមស្របទៅតាមគោលនយោបាយ ប្រឆាំងសហរដ្ឋអាមេរិករបស់បុរសខ្លាំងរូបនេះ ដែលអន្តរជាតិកំពុងចាប់អារម្មណ៍។ ជុំវិញបញ្ហានេះ ប្រទេសរុស្ស៊ីក៏ធ្លាប់បានសន្យាផងដែរថា នឹងធ្វើការបញ្ចុះថ្លៃ ឬផ្តល់ប្រូម៉ូសិនពិសេស ប្រសិនបើលោក ឌូតឺតេ បញ្ជាទិញអាវុធណាមួយពីរុស្ស៊ីនោះ៕