(បារ៉ែន)៖ យោងតាមក្រសួងការបរទេសបារ៉ែន ប្រជាជនកាតាត្រូវតែចាកចេញពី ប្រទេសបារ៉ែនក្នុងរយៈពេល ០២សប្ដាហ៍ ហើយការធ្វើចរាចរណ៍តាមផ្លូវអាកាស និង ដែនទឹករវាងប្រទេសទំាងពីរត្រូវលុបចោល ខណៈរាល់បេសកម្មការទូតទំាងអស់ របស់កាតាត្រូវដកចេញពីបារ៉ែនក្នុង រយៈពេល៤៨ម៉ោង រីឯបេសកកម្មការទូតរបស់បារ៉ែន ក៏ត្រូវចាកចេញពីកាតា សម្រាប់រយៈពេលដូចគ្នានេះដែរ។ នេះបើតាមការចេញផ្សាយដោយ The Guardian នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរសារព័ត៌មាននៅក្នុងស្រុក ផ្អែកលើការបញ្ជាក់ពីក្រុមមន្ត្រី អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ទីក្រុងរីយ៉ាតបានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូត និងស្ថានកុងស៊ុលជាមួយកាតា ក្រោមហេតុផលនៃការអនុវត្តសិទ្ធិអធិបតេយ្យភាព ដែលធានាដោយច្បាប់អន្តរជាតិ និងការពារសន្តិសុខជាតិពីគ្រោះថ្នាក់បង្កឡើងដោយ ក្រុមភេរវករ និងសកម្មភាពជ្រុលនិយម។
ក្រៅពីប្រទេស អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប បារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម ក៏បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនង ការទូតជាមួយកាតាផងដែរ ដោយចោទថាទីក្រុងដូហាបានបង្កអស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាគំាទ្រក្រុមភេរវករ និងលូកដៃក្នុងកិច្ចរដ្ឋនៃប្រទេសរបស់ពួកគេ។ តែយ៉ាងណាក៏ដោយរដ្ឋាភិបាលកាតា ពុំទាន់ធ្វើការអត្ថាធិប្បាយ ឬបញ្ចេញប្រតិកម្មអ្វីនោះទេ។
គួរំលឹកថា កាលពីឆ្នាំ២០១៤ ប្រទេស អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងបារ៉ែន ក៏ធ្លាប់កោះហៅអគ្គរដ្ឋទូតរបស់ពួកគេប្រចាំទីក្រុងដូហា ត្រឡប់មកស្រុកវិញផងដែរ ដោយនៅកាលនោះប្រទេស ក្នុងតំបន់ឈូងសមុទ្រហ្គូលទំាងបីបានចោទថា កាតា មានសម្ព័ន្ធភាពជាមួយក្រុមភារតភាពមូស្លីម (Muslim Brotherhood) ក្រោយការផ្ដួលរំលំប្រមុខរដ្ឋអេហ្ស៊ីប លោក មហាម៉ាត់ ម៉ូស៊ី៕