(តូក្យូ)៖ ប្រជាជនជប៉ុនរស់នៅតាមតំបន់ក្បែរព្រំដែនកូរ៉េខាងជើង បាននាំគ្នាចូលរួមក្នុងលំហាត់ជម្លៀសខ្លួន ដើម្បីការពារសុវត្ថិភាពខ្លួនឯង នៅក្នុងករណីមានការវាយប្រហារជាយថាហេតុណាមួយ ពីសំណាក់កូរ៉េខាងជើង ដែលចេះតែបន្តបាញ់សាកល្បងមីស៊ីលឥតឈប់ឈរ ធ្លាក់ចូលក្នុងដែនទឹកសេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៅឯសមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងពីកូរ៉េខាងជើង រដ្ឋាភិបាលទីក្រុងតូក្យូ បានបញ្ជាឱ្យក្រុមអាជ្ញាធរក្នុងភូមិ Abu ស្ថិតនៅចំងាយប្រមាណ ៨០៤គីឡូម៉ែតពីទីក្រុងព្យុងយ៉ាង ដឹកនាំប្រជាជនទាំងចាស់ទំាងក្មេង ធ្វើសមយុទ្ធជម្លៀសខ្លួនពីគ្រាប់មីស៊ីលកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែវាមិនមែនជាលើកទីមួយនោះទេ ដែលអាជ្ញាធរជប៉ុនធ្វើសមយុទ្ធរបៀបនេះ ស្របពេលទីក្រុងព្យុងយ៉ាង ប្រកាសបន្តអភិវឌ្ឍន៍ និងបាញ់សាកល្បងមីស៊ីលរហូតដល់សម្រេចគោលដៅរបស់ខ្លួន ក្លាយជា រដ្ឋនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ការជ្រើសរើសភូមិ Abu ដើម្បីដឹកនាំការធ្វើសមយុទ្ធជម្លៀសខ្លួន ដោយសារតែភូមិមួយនេះ ស្ថិតនៅជិតនឹងតំបន់ឧបទ្វីបកូរ៉េ ហើយយោធាជប៉ុនក៏បានគណនាដែលថា បើសិនជាសង្រ្គាមជាមួយកូរ៉េខាងជើងផ្ទុះឡើងមែននោះ ប្រជាជនជប៉ុនក្នុងភូមិស្ថិតនៅភាគអាគ្នេយ៍ប្រទេសជប៉ុនមួយនេះ មានពេលត្រឹមតែ១០នាទី ប៉ុណ្ណោះដើម្បីរត់គេចខ្លួន៕