(រីយ៉ាដ)៖ ប្រទេស អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, អេហ្ស៊ីប និងបារ៉ែន បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូត និងរាល់ទំនាក់ទំនងដែនទឹក និងអាកាស ជាមួយប្រទេសកាតា នៅថ្ងៃចន្ទនេះដោយទីក្រុងរីយ៉ាដ អះអាងថា ការធ្វើបែបនេះគឺជារឿងចាំបាច់ ដើម្បីការពារប្រទេសរបស់ខ្លួនពីភេរវកម្ម និងសកម្មភាពជ្រុលនិយម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរសារព័ត៌មាននៅក្នុងស្រុក ផ្អែកលើការបញ្ជាក់ពីក្រុមមន្ត្រី អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ទីក្រុងរីយ៉ាដ បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូត និងស្ថានកុងស៊ុលជាមួយប្រទេសកាតា ក្រោមហេតុផលនៃការអនុវត្តសិទ្ធិអធិបតេយ្យភាព ដែលធានាដោយច្បាប់អន្តរជាតិ និងការពារសន្តិសុខជាតិពីគ្រោះថ្នាក់បង្កឡើងដោយ ក្រុមភេរវករ និងសកម្មភាពជ្រុលនិយម។ សកម្មភាពថ្មីៗនេះ កើតឡើងក្រោយពេលដែលប្រទេស អេហ្ស៊ីប បានធ្វើការចោទប្រកាន់ថា កាតាជាប្រទេសដែលគាំទ្រអំពើភេរវកម្ម៕