(ឡុងដ៏)៖ ក្រុម ISIS ជាថ្មីម្ដងទៀតបានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារដោយភេរវកម្ម កាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ០៧នាក់ស្លាប់ និងរបួស៤៨នាក់ រីឯជនសង្ស័យជាភេរវករ ០៣នាក់ទៀត ត្រូវបានបាញ់សម្លាប់ ខណៈមនុស្ស១២នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ នៅក្នុងប្រតិបត្តិការវាយឆ្មក់ពីរលើលដាច់ដោយឡែកពីគ្នា នៅភាគខាងកើតទីក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
បើតាមប៉ូលិសអង់គ្លេសកាលពីថ្ងៃអាទិត្យ នៅម៉ោងប្រមាណ ២២៖០៨នាទីយប់ (ម៉ោងនៅក្នុងទីក្រុងឡុងដ៏) មានសេចក្ដីរាយការណ៍បន្ទាន់ថា មានរថយន្ដមួយគ្រឿងបានបើកបំបុកហ្វូងមនុស្សនៅឯស្ពាន London Bridge ហើយបន្ទាប់មកទៀតប៉ូលិសបានបាញ់កាំភ្លើងជាច្រើនគ្រាប់ ជាការឆ្លើយតបនឹងអំពើចាក់មនុស្សឱ្យ របួសធ្ងន់ស្រាលជាច្រើននាក់ នៅក្នុងផ្សារ Borough Market ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីស្ពានមួយនេះ។ ដោយឡែកក្រុម ISIS តាមរយៈប្រព័ន្ធផ្សព្វផ្សាយ របស់ខ្លួនឈ្មោះ Amaq បានអះអាងថា ជនសង្ស័យជាភេរវករទាំង០៣នាក់ខាងលើ គឺជាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន ដោយថែមទាំងអះអាងទៀតថា ពួកគេនឹងបន្តដឹកនាំសកម្មភាពវាយប្រហារ របៀបនេះជាថ្មីម្ដងទៀត។
គួរបញ្ជាក់ថា ការវាយប្រហារក្នុងទីក្រុងឡុងដ៍ កើតឡើងតែពីរសប្ដាហ៍ប៉ុណ្ណោះ ក្រោយមនុស្ស២២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត របស់ក្រុម ISIS នៅក្នុងទីក្រុង Manchester៕