(កាប៊ុល)៖ ករណីផ្ទុះបន្តបន្ទាប់គ្នាដ៏កក្រើក បានកើតឡើងសាជាថ្មីម្តងទៀត នៅឯរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលមួយសប្តាហ៍នេះ ខណៈហេតុការណ៍នាថ្ងៃសៅរ៍នេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិចចំនួន២០នាក់ស្លាប់ និង៨៧នាក់ផ្សេងទៀតទទួលរបួស នៅក្នុងពិធីបុណ្យសពមួយកន្លែង។ នេះបើតាមតួលេខពីក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន ដកស្រង់ដោយសារព័ត៌មាន Russia Today (RT) នៅយប់ថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
បុណ្យសពខាងលើនេះ គឺជារបស់កូនប្រុសព្រឹទ្ធសមាជិកអាហ្វហ្គានីស្ថានម្នាក់ ដែលស្ថិតក្នុងចំណោមជនរងគ្រោះសរុប០៥នាក់ ដែលបានបាត់បង់ជីវិតនៅពេលប៉ូលិសបានបើកការបាញ់រះទៅលើក្រុមអ្នកតវ៉ា ក្នុងអំឡុងនៃការធ្វើបាតុកម្មមួយកាលពីថ្ងៃសុក្រម្សិលមិញ ប្រឆាំងនឹងការធ្លាក់ចុះដុនដាបកាន់តែខ្លាំងនៃសន្តិសុខក្នុងប្រទេស។ យោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុករបស់អាហ្វហ្គានីស្ថាន ខណៈពេលដែលពិធីបុណ្យបាននិងកំពុងប្រព្រឹត្តទៅហេតុការណ៍ផ្ទុះដ៏កក្រើកចំនួនបីលើកបានកើតឡើង។
ជុំវិញករណីវាយប្រហារនេះ ពុំទាន់មានក្រុមសកម្មប្រយុទ្ធណាមួយ ចេញមុខអះអាងថាជាទង្វើរបស់ខ្លួននៅឡើយទេ។ រីឯក្រុមឧទ្ទាមតាលីបង់ ដែលជាញឹកញាប់តែងបានបើកការវាយប្រហារដោយបំផ្ទុះគ្រាប់បែក កាលពីពេលកន្លងមក នៅអាហ្វហ្គានីស្ថានវិញនោះ បានចេញមុខបញ្ជាក់ភ្លាមៗថា ពួកខ្លួនមិនមានជាប់ពាក់ព័ន្ធនៅក្នុងករណីនេះនោះទេ។ ជាមួយគ្នានេះ គេក៏មិនទាន់ដឹងថាហេតុការណ៍ផ្ទុះទាំងបីលើកនេះ ត្រូវបានបង្កឡើងដោយសារអ្វីនោះដែរ។
គួរបញ្ជាក់ថា បើតាមតួលេខសរុបចុងក្រោយ ចេញផ្សាយដោយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ការបំផ្ទុះគ្រាប់បែកលើរថយន្តដ៏កក្រើក កាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងទីក្រុងកាប៊ុល ដែលស្ថិតចំតំបន់ក្បែរស្ថានទូតអាល្លឺម៉ង់ និងអ៊ីរ៉ង់នោះ បានបណ្តាលឲ្យមនុស្សស្លាប់៩០នាក់ និងរងរបួស ៤៦០នាក់៕