(សិង្ហបុរី)៖ រដ្ឋាភិបាល និងប្រជាជនចិនជំទាស់ដាច់ខាត ចំពោះការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់។ នេះបើតាមសម្តីមន្រ្តីយោធាជាន់ខ្ពស់ចិនមួយរូប ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះ គឺជាការឆ្លើយតបរបស់ចិន បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Jims Mattis បានថ្លែងពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ នៅក្នុងការធ្វើសុន្ទរកថារបស់លោក នាអំឡុងកិច្ចប្រជុំ Shangri-La ដែលបានបើកចាប់ផ្តើមនៅឯប្រទេសសិង្ហបុរី កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើ មន្រ្តីយោធាជាន់ខ្ពស់ មន្រ្តីការទូត និងអ្នកជំនាញជាច្រើនរូប មកពីបណ្តាប្រទេសក្នុងតំបន់ រួមទាំងសហរដ្ឋអាមេរិក និងចិនផងដែរនោះ បាននិងកំពុងតែធ្វើការជជែកពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗមួយចំនួន រួមមានអាវុធនុយក្លេអ៊ែរ កិច្ចសហប្រតិបត្តិការសន្តិសុខ រួមទាំងវិធានការដើម្បីបញ្ចៀសបញ្ហាជម្លោះនានាផងដែរ។ នៅក្នុងវេទិកានោះ គេសង្កេតឃើញថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារចិនជាច្រើនបញ្ហា ជាពិសេសជម្លោះសមុទ្រចិនខាងត្បូង៕