(វ៉ាស៊ីនតោន)៖ សាលកលវិទ្យាល័យបច្ចេកវិទ្យា Massachusetts (MIT) ដ៏ល្បីរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានយល់ខុសអំពីកម្មវីធីស្រាវជ្រាវ ផ្នែកអាកាសធាតុរបស់ខ្លួន ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់លោក ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងក្នុងអំឡុងនៃការធ្វើសេចក្តីប្រកាសជុំវិញបញ្ហានេះ កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា «ទោះបីជាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន និងពេញលេញទាំងស្រុង ដោយគ្រប់ប្រជាជាតិជាសមាជិកយ៉ាងណាក្តី វានឹងមិនអាចជួយកាត់បន្ថយការកើនឡើង សីតុណ្ហភាពសកល បាននោះច្រើនគួរឲ្យកត់សម្គាល់នោះឡើយ»។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ MIT លោក ដូណាល់ ត្រាំ បានសំដៅទៅលើការវិភាគមួយ ដែលទទួលបានពីកម្មវិធីស្រាវជ្រាវ ស្តីពីគោលការណ៍ និងវិទ្យាសាស្រ្តនៃការប្រែប្រួលសកល របស់សាកលវិទ្យាល័យ ក៏ប៉ុន្តែការយល់ឃើញ និងបកស្រាយអត្ថន័យរបស់លោក គឺមានភាពធ្វើឲ្យភ័ន្តច្រឡំ។
សាកលវិទ្យាល័យ MIT បានបញ្ជាក់ថា «អត្រា០.២អង្សាសេ ដែលជាការឆ្លុះបញ្ចាំងពីឥទ្ធិពល នៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសនេះ ពិតជាតិចតួចស្តួចស្តើងមែន តែបើយើងយកវាទៅប្រៀបធៀបជាមួយនឹង ការដែលពុំមានគោលការណ៍អាកាសធាតុអ្វីទាំងអស់វិញនោះ យើងនឹងឃើញថា កម្រិតនៃការថយចុះសីតុណ្ហភាពនេះ ពិតជាមានទំហំធំធេងណាស់។ វានឹងជាការកាត់បន្ថយគួរឲ្យកត់សម្គាល់មួយ នៅក្នុងការកើនឡើងនៃកម្តៅភពផែនដី ទោះបីជាកិច្ចខិតខំប្រឹងប្រែងជាច្រើនបន្ថែមត្រូវតែធ្វើឡើង បើសិនជាពិភពលោកចង់សម្រេចគោលដៅ នៃការដាក់កំហិតទៅលើការកើនឡើងសីតុណ្ហភាព ឲ្យនៅត្រឹម០២អង្សាសេ និងតិចជាងនេះក៏ដោយ»។
គួរបញ្ជាក់ថា តាមរយៈការប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស លោក ដូណាល់ ត្រាំ បានធ្វើតាមការសន្យាកាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ក៏ប៉ុន្តែស្របពេលជាមួយគ្នា បានបង្កឲ្យមានការរិះគន់ និងខកចិត្តយ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស សូម្បីតែបណ្តាសម្ព័ន្ធមិត្តធំៗរបស់អាមេរិក៕