(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជីម ម៉ាតទីស (Jims Mattis) ដែលកំពុងស្ថិតនៅក្នុងវេទិកាសន្តិសុខថ្នាក់តំបន់ នៅប្រទេសសិង្ហបុរីនោះបានលើកឡើងថា សហរដ្ឋអាមេរិកនឹងបន្តប្រឆាំងសកម្មភាព កសាងកោះសិប្បនិមិត្ត និងមូលដ្ឋានយោធារបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ប៉ុន្តែអាមេរិកបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាជំរើសនាំមុខ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
លោក ម៉ាតទីស បានលើកឡើងក្នុងវេទិកាសន្តិសុខ Shangri-La ខាងលើនេះយ៉ាងដូច្នេះថា «យើងមិនអាចទទួលយកបានទេ ចំពោះសកម្មភាពនានារបស់ចិន ដែលកំពុងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ នៃសហគមន៍អន្តរជាតិ... វានឹងធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានច្បាប់ នៃការការពារផលប្រយោជន៍សម្រាប់ប្រទេសទាំងអស់។ ខណៈពេលកំពុងមានការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាមហាយក្សសេដ្ឋកិច្ចទាំងពីរលើលោកនេះ យើងត្រូវគិតថា វានឹងអាចកើតមាននូវជម្លោះ ដែលមិនអាចជៀសវាងបានឡើយ»។
មិនត្រឹមតែប្រទេសចិននោះទេ សហរដ្ឋអាមេរិកបានធ្វើការប្រកាសដូចខាងលើនេះ គឺជាការប្រឆាំងចំពោះប្រទេសណាក៏ដោយ ឲ្យតែធ្វើការបង្កើនឥទ្ធិពលយោធានៅលើកោះសិប្បនិមិត្ត ដែលពួកគេជាអ្នកបង្កើតដោយខ្លួនឯង ព្រមទាំងសកម្មភាពបង្កើនការអះអាងអធិបតេយ្យលើ ដែនទឹក និងកោះកាន់តែច្រើនពីអ្វីដែលខ្លួនធ្លាប់មាន នោះវាពិតណាស់ថា ច្បាប់អន្តរជាតិមិនគាំទ្រនោះឡើយ។
ថ្លែងនៅក្នុងពេលវេលាដំបូងនៃវេទិកាអន្តរជាតិស្តីពីសន្តិសុខ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរីនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជីម ម៉ាតទីស បានធ្វើការវាយប្រហារទៅលើប្រទេសចិនចំៗតែម្តងថា ទីក្រុងប៉េកាំងកំពុងតែប្រមាថមើលងាយផលប្រយោជន៍ នៃប្រទេសនានាក្នុងតំបន់ តាមរយៈសកម្មភាពរបស់ខ្លួននៅតំបន់សមុទ្រចិនខាងត្បូង។
កិច្ចប្រជុំកំពូលមួយមានឈ្មោះថា Shangri-La ត្រូវបានចូលរួមដោយបណ្តារដ្ឋមន្ត្រីការពារជាតិក្នុងតំបន់ ក្នុងនោះក៏មានចិន និងអាមេរិកផងដែរ។ លោក ម៉ាតទីស បានសង្កត់ធ្ងន់ក្នុងឱកាសនោះថា «វិសាលភាព និងផលប៉ះពាល់របស់កម្មភាពកសាងសំណង់នានារបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង គឺវាខុសប្លែកពីប្រទេសនានា ដោយយោងលើកត្តាចម្បងៗមួយចំនួន។ ក្នុងនោះយើងសំដៅទៅលើ គោលដៅនៃការបង្កើនឥទ្ធិពលយោធា ដែលចិនកំពុងតែធ្វើផ្ទុយនឹងច្បាប់អន្តរជាតិ ហើយវាជាការប្រមាថមើលងាយ ទៅដល់ផលប្រយោជន៍ នៃប្រទេសនានាក្នុងតំបន់»។
គួរបញ្ជាក់ថា ប្រទេសចិនបានអះអាងអធិបតេយ្យភាពស្ទើរតែទាំងស្រុង ទៅលើដែនកោះ និងផ្ទៃទឹកនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ចូលរួម ក្នុងជម្លោះតវ៉ាតទល់នឹងចិនមានដូចជា ប្រទេសវៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ព្រុយណេ, ម៉ាឡេស៊ី, និងកោះតៃវ៉ាន់ផងដែរ។ ទោះបីជាបែបនេះក្តី សហរដ្ឋអាមេរិកដែលមិនមែនជាប្រទេសក្នុងតំបន់នេះផង ត្រូវបានគេមើលឃើញថា តែងតែចូលរួមលូកដៃយ៉ាងជ្រៅ ចូលដោះស្រាយបញ្ហានេះដែរ៕