(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ ទោះបីជាមានតែម្នាក់គត់ក៏ដោយនោះ បានធ្វើការថ្កោលទោសចំពោះសហរដ្ឋអាមេរិកជាថ្មីម្តងទៀត ជុំវិញការធ្វើតេស្តបាញ់ទម្លាក់មីស៊ីលផ្លោង ICBM របស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
អ្នកនាំពាក្យរបស់កងទ័ពកូរ៉េខាងជើង បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន KCNA របស់រដ្ឋាភិបាលខ្លួនថា «ការធ្វើតេស្តបាញ់ទម្លាក់ ឬស្ទាក់គ្រាប់មីស៊ីលផ្លោងនេះ គឺជាសកម្មភាពបង្កហេតុផ្នែកយោធាដ៏ធ្ងន់ធ្ងរមួយផ្សេងទៀត ដែលលាតត្រដាងឲ្យឃើញជាក់ស្តែង ពីមហិច្ឆតាព្រៃ របស់ពួកចក្រពត្តិអាមេរិក ដែលតែងតែប៉ុនប៉ងចង់បង្កាត់ភ្លើងសង្រ្គាមនុយក្លេអ៊ែរ»។
មួយវិញទៀតនាពេលថ្មីៗនេះ អ្នកនាំពាក្យនៃគណៈកម្មាធិការសន្តិភាពកូរ៉េអាស៊ីប៉ាស៊ីហ្វិក ក៏បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសការធ្វើតេស្តបាញ់ទម្លាក់មីស៊ីល ICBM របស់សហរដ្ឋអាមេរិកផងដែរ ដោយបានលើកឡើងថា វាគឺជាទង្វើប្រកបដោយហានិភ័យមួយ ប្រឆាំងនឹងកូរ៉េខាងជើង និងជាសកម្មភាពដុតរោលភាពតានតឹងបន្ថែម នៅតំបន់ឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ សហរដ្ឋអាមេរិកបានបាញ់មីស៊ីលមួយគ្រាប់ ចេញពីមូលដ្ឋានទ័ពអាកាស Vandenverg នៅភាគកណ្តាលរដ្ឋកាលីហ្វរញ៉ា ក្នុងការធ្វើតេស្តមួយ ដែលបានស្ទាក់ និងកម្ទេចគោលដៅជាមីស៊ីលផ្លោង ICBM នៅលើមហាសមុទ្រប៉ាស៊ីហ្វិកដោយជោគជ័យ។ មួយវិញទៀត ក៏មានសេចក្តីរាយការណ៍ផងដែរថា កងទ័ពអាកាសគ្រោងនឹងធ្វើតេស្តនេះសាជាថ្មីម្តងទៀត នៅក្នុងឆ្នាំ២០១៨ខាងមុខ៕