(ព្រុចសែល)៖ ស្នងការទទួលបន្ទុកបញ្ហាអាកាសធាតុរបស់ សហភាពអឺរ៉ុប (EU) លោក Miguel Arias Canete បានថ្លែងថា កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស មិនអាចធ្វើការចរចាឡើងវិញជាថ្មីម្តងទៀត ដូចការដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅពេលរូបលោកប្រកាសដកខ្លួនចេញពី កិច្ចព្រមព្រៀងអន្តរជាតិនេះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯទីស្នាក់ការគណៈកម្មការអឺរ៉ុប លោក Canete បានប្រាប់ដូច្នេះថា «កិច្ចព្រមព្រៀងនេះ គឺត្រឹមត្រូវ និងសក្តិសមសម្រាប់គោលបំណង នៃការរចនាវាឡើងហើយ។ កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស តាំងពីដើមរហូតមកត្រូវបានទទួលស្គាល់ ក៏ដូចជាទទួលយកពីសំណាក់ប្រទេសហត្ថលេខីជិត ២០០ប្រទេស ដោយគ្មានបញ្ហាឡើយ ហើយមាត្រា ២៩ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ មិនអាចធ្វើការចរចាឡើងវិញបាននោះទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស តែបានបញ្ជាក់ថា រដ្ឋបាលរបស់លោក នឹងចាប់ផ្តើមបើកកិច្ចចរចាសាជាថ្មី ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងនេះម្តងទៀត បើសិនជាវាមានតម្លាភាពសម្រាប់ប្រទេសរបស់លោក ឬមួយក៏បង្កើតកិច្ចព្រមព្រៀងថ្មីមួយផ្សេង។
យ៉ាងណាមិញការប្រកាសនេះ បានបង្កជាការខ្វែងគំនិតគ្នាជាខ្លាំងនៅក្នុងសង្គមអាមេរិកទាំងមូល ហើយលោក Canete បានឲ្យដឹងថា EU នឹងស្វែងរកភាពជាដៃគូមួយ ជាមួយបណ្តាក្រុមហ៊ុន ឬរដ្ឋអាមេរិកទាំងឡាយណា ដែលនៅតែបន្តគាំទ្រកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដើម្បីថែរក្សាការពារភពផែនដី៕