(សាន់ ហ្វ្រាន់ស៊ីស្កូ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដ៏កក្រើក ដែលមានកម្រិតធ្ងន់រហូតដល់ ៦.៩នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារនៅតំបន់ឆ្នេរនៃប្រជុំកោះ Aleutia នៃរដ្ឋអាឡាស្កា ភាគពាយ័ព្យសហរដ្ឋអាមេរិក នាថ្ងៃសុក្រ ទី០២ ខែមិថុនា (ពេលវេលានៅអាមេរិក) ប៉ុន្តែគេនៅមិនទាន់ដឹងថា វាបានបង្កការខូចខាត ឬគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីខាងលើបានកើតមានឡើងពីក្នុងជម្រៅដីតែ ៤.៣គីឡូម៉ែត្រប៉ុណ្ណោះ នៅក្នុងដែនសមុទ្រ Bering ដែលមានចម្ងាយ ២០៥គីឡូម៉ែត្រភាគខាងលិចស្ថានីយ៍ Attu នៃតំបន់ Census របស់ប្រជុំកោះ Aleutia ដែលមានមនុស្សរស់នៅតែ ២១នាក់ប៉ុណ្ណោះ (ស្ទើរតែទាំងអស់ ជាមន្ត្រីឆ្មាំការពារដែនកោះ និងសមុទ្រអាមេរិក)។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានអះអាងថា កម្លាំងញ័ររញ្ជួយខ្លាំងបែបនេះ វាប្រាកដណាស់ថា បានបង្កការខូចខាតទ្រព្យសម្បត្តិ ឬក៏គ្រោះថ្នាក់ដល់មនុស្សជាក់ជាមិនខាន គ្រាន់តែគេមិនទាន់អាចបញ្ជាក់បាននៅឡើយទេពេលនេះ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕