(សិង្ហបុរី)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Jims Mattis បានថ្លែងនៅថ្ងៃសៅរ៍នេះថា កូរ៉េខាងជើង និងកម្មវិធីនុយក្លេអ៊ែរ-មីស៊ីលផ្លោងរបស់រដ្ឋកុម្មុយនិស្តមួយនេះ កំពុងបង្កការគំរាមកំហែងដល់មនុស្សគ្រប់គ្នា ក៏ដូចជាបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ហើយលោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យរួមសហការ និងសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABS-CBN នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចប្រជុំកំពូលស្តិពីវិស័យការពារជាតិ Shangri-La នៅឯប្រទេសសិង្ហបុរី លោករដ្ឋមន្រ្តីការពារជាតិរបស់សហរដ្ឋអាមេរិក បានលើកឡើងទៀតថា «វាគឺជារឿងដ៏ចាំបាច់បំផុត ដែលយើងត្រូវតែចូលរួមចំណែក ដើម្បីបំពេញកាតព្វកិច្ចរៀងៗខ្លួន ហើយធ្វើការជាមួយគ្នា ដើម្បីគាំទ្រដល់គោលដៅរួមតែមួយនៃការលុបបំបាត់អាវុធប្រល័យលោក នៅតំបន់ឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើបាញ់ធ្វើតេស្តមីស៊ីលផ្លោងថ្មីមួយផ្សេងទៀត ទោះបីជាមានការដាក់ទណ្ឌកម្ម និងថ្កោលទោសជាបន្តបន្ទាប់យ៉ាងណាក្តី ហើយជាលទ្ធផល គឺក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានសម្រេចបញ្ចេញទណ្ឌកម្មបន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង ដោយក្នុងនោះបុគ្គលមួយចំនួន រួមជាមួយនិងក្រុមនានាក្នុងប្រទេសកុម្មុយនិស្តមួយនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ឆ្លើយតបទៅនឹងការបន្តធ្វើតេស្តបាញ់គ្រាប់មីស៊ីល ជាច្រើនលើកច្រើនសាររបស់ទីក្រុងព្យុងយ៉ាង ដោយមិនខ្វាយខ្វល់ពីច្បាប់អន្តរជាតិសូម្បីបន្តិច៕