(ប៊ែរឡាំង)៖ ព្រឹត្តិការណ៍ប្រគុំតន្រ្តីខ្នាតធំ Rock Am Ring នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ បានជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញបន្ទាន់ ហើយត្រូវបានផ្អាកជាបណ្តោះសិន បន្ទាប់ពីមានការគំរាមកំហែង ថានឹងអាចមានការវាយប្រហារដោយភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាល្លឺម៉ង់) ក្រុមអ្នករៀបចំកម្មវិធី បានធ្វើការជម្លៀសមនុស្ស និងផ្អាកព្រឹត្តិការណ៍ជាបន្ទាន់ បន្ទាប់ពីប៉ូលិសនៅក្នុងទីក្រុង Koblenz ដែលនៅក្បែរខាងបានប្រាប់ថា ពួកគេទទួលបានព័ត៌មានទាក់ទងនឹង គម្រោងវាយប្រហារភេរវកម្ម។ ព្រឹត្តិការណ៍ប្រគុំតន្រ្តីប្រចាំឆ្នាំរយៈពេលបីថ្ងៃដ៏ធំរបស់អាល្លឺម៉ង់នេះ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីអ្នកគាំទ្រប្រមាណ ៩០,០០០នាក់ ក្នុងអំឡុងចុងសប្តាហ៍នេះ ដែលជាពេលវេលាឈប់សម្រាក។ យ៉ាងណាមិញក្រុមអ្នករៀបចំព្រឹត្តិការណ៍បានសង្ឃឹមថា នឹងអាចបន្តកម្មវីធីនេះឡើងវិញ នៅថ្ងៃសៅរ៍នេះ តាមការគ្រោងទុក។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ងបានស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ចាប់តាំងតែពីមានការវាយប្រហារជាបន្តបន្ទាប់មក កាលពីឆ្នាំ២០១៦កន្លងទៅ រួមទាំងករណីបើករថយន្តធុនធំបំបុកហ្វូងមនុស្ស នៅឯផ្សាររាត្រីបុណ្យណូអែលមួយកន្លែង ក្នុងទីក្រុងប៊ែរឡាំង ដែលបានបន្សល់ទុកជនរងគ្រោះ១២នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសយ៉ាងដំណំ៕