(សិង្ហបុរី)៖ ថ្លែងនៅក្នុងវេទិកាអន្តរជាតិស្តីពីសន្តិសុខ ដែលកំពុងប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរីនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជីម ម៉ាតទីស (Jims Mattis) បានធ្វើការវាយប្រហារទៅលើប្រទេសចិនចំៗតែម្តងថា ទីក្រុងប៉េកាំងកំពុងតែប្រមាថមើលងាយផលប្រយោជន៍ នៃប្រទេសនានាក្នុងតំបន់ តាមរយៈសកម្មភាពរបស់ខ្លួននៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABS-CBN នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
កិច្ចប្រជុំកំពូលមួយមានឈ្មោះថា Shangri-La ត្រូវបានចូលរួមដោយបណ្តារដ្ឋមន្ត្រីការពារជាតិក្នុងតំបន់ ក្នុងនោះក៏មានចិន និងអាមេរិកផងដែរ។ លោក ម៉ាតទីស បានសង្កត់ធ្ងន់ក្នុងឱកាសនោះថា «វិសាលភាព និងផលប៉ះពាល់របស់កម្មភាពកសាងសំណង់នានារបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង គឺវាខុសប្លែកពីប្រទេសនានា ដោយយោងលើកត្តាចម្បងៗមួយចំនួន។ ក្នុងនោះយើងសំដៅទៅលើ គោលដៅនៃការបង្កើនឥទ្ធិពលយោធា ដែលចិនកំពុងតែធ្វើផ្ទុយនឹងច្បាប់អន្តរជាតិ ហើយវាជាការប្រមាថមើលងាយ ទៅដល់ផលប្រយោជន៍ នៃប្រទេសនានាក្នុងតំបន់»។
គួរបញ្ជាក់ថា ប្រទេសចិនបានអះអាងអធិបតេយ្យភាពស្ទើរតែទាំងស្រុង ទៅលើដែនកោះ និងផ្ទៃទឹកនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ចូលរួម ក្នុងជម្លោះតវ៉ាតទល់នឹងចិនមានដូចជា ប្រទេសវៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ព្រុយណេ, ម៉ាឡេស៊ី, និងកោះតៃវ៉ាន់ផងដែរ។ ទោះបីជាបែបនេះក្តី សហរដ្ឋអាមេរិកដែលមិនមែនជាប្រទេសក្នុងតំបន់នេះផង ត្រូវបានគេមើលឃើញថា តែងតែចូលរួមលូកដៃយ៉ាងជ្រៅ ចូលដោះស្រាយបញ្ហានេះដែរ៕