(អាមេរិក)៖ នាពេលថ្មីៗនេះក្រុមអ្នកវិទ្យាសាស្រ្ត នៃមជ្ឈមមណ្ឌលឃ្លាំមើលទីអវកាស LIGO បានប្រទះឃើញប្រហោងខ្មៅ (Black Hole) មួយគូបានធ្វើការរួមបញ្ចូលគ្នា ហើយវាគឺជាលើកទីបីហើយ ដែលពួកគេបានជួបប្រទះបាតុភូតដ៏អស្ចារ្យបែបនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយចេញពីគេហទំព័រ Sciencemag.org នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
កាលពីខែកញ្ញា ឆ្នាំ២០១៥ ប្រព័ន្ធចាប់សញ្ញាដ៏ធំមហិមារបស់ LIGO ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រទះឃើញរលកទំនាញមកពីប្រហោងខ្មៅចំនួនពីរ មានម៉ាស់ចន្លោះពី ២៩ទៅ៣៦ដង ធ្ងន់ជាងព្រះអាទិត្យយើង ស្របពេលដែលពួកវាទាំងពីរកំពុងច្របាច់រួមបញ្ចូលគ្នា ទៅជាប្រហោងខ្មៅតែមួយ។ បីខែក្រោយមកទៀត ប្រព័ន្ធឃ្លាំមើលដដែល បានប្រទះឃើញការរួមបញ្ចូលគ្នានៃប្រហោងខ្មៅមួយគូផ្សេងទៀត ដែលមានម៉ាសស្រាលជាងលើកទីមួយ។
គួរបញ្ជាក់ថា ដើមកំណើតនៃប្រហោងខ្មៅពុំមែនជាអាថ៌កបាំងសម្រាប់អ្នកវិទ្យាសាស្រ្តទៀតឡើយ ក៏ប៉ុន្តែជុំវិញបាតុភូតនៃការរួមបញ្ចូលប្រហោងខ្មៅនេះ បានបណ្តាលឲ្យពួកគេ មានសំណួរងឿងឆ្ងល់ជាច្រើន ដែលមិនទាន់មានការបកស្រាយណាមួយ ដែលអាចឲ្យគ្រប់គ្នា ទទួលយកបាននោះឡើយ៕