(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានសម្រេចបញ្ចេញទណ្ឌកម្មបន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង ដោយក្នុងនោះបុគ្គលមួយចំនួន រួមជាមួយនិងក្រុមនានាក្នុងប្រទេសកុម្មុយនិស្តមួយនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ឆ្លើយតបទៅនឹងការបន្តធ្វើតេស្តបាញ់គ្រាប់មីស៊ីល ជាច្រើនលើកច្រើនសាររបស់ទីក្រុងព្យុងយ៉ាង ដោយមិនខ្វាយខ្វល់ពីច្បាប់អន្តរជាតិសូម្បីបន្តិច។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងដំណោះស្រាយ ដែលទទួលបានការព្រមព្រៀងគ្នាជាឯកច្ឆន្ទ ដោយសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១៥ប្រទេស បានសម្រេចធ្វើការហាមឃាត់ការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិបុគ្គលសំខាន់ៗចំនួន ១៤រូបនៅកូរ៉េខាងជើង និងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនកូរ៉េខាងជើងចំនួនពីរថែមទៀត ព្រមជាមួយនឹងធនាគារមួយ ដែលត្រូវបានគេដឹងថា កំពុងជួយគាំទ្រកងកម្លាំងយុទ្ធសាស្ត្ររ៉ុក្កែត របស់កងទ័ពកូរ៉េខាងជើង។
ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Liu Jieyi បានថ្លែងយ៉ាងដូច្នេះថា «ការសម្រេចចេញនូវដំណោះស្រាយទណ្ឌកម្មពេលនេះ ពិតជាសារមួយយ៉ាងច្បាស់ថា សហគមន៍អន្តរជាតិ ពិតជាប្រឆាំងចំពោះកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីបរបស់កូរ៉េខាងជើង»។
ក្រុមប្រឹក្សាសន្តិសុខរបស់ UN ខាងលើនេះក៏បានថ្កោលទោសផងដែរ នៅក្នុងក្របខណ្ឌដ៏យូរអង្វែង ចំពោះសកម្មភាពនៃការអភិវឌ្ឍគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលបានបង្ហាញនូវសញ្ញាគ្រោះថ្នាក់ខ្លាំងបំផុត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦មក។ ជាចុងក្រោយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានសម្រេចអំពាវនាវឲ្យទីក្រុងព្យុងយ៉ាង បោះបង់ចោលកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងសកម្មភាពពាក់ព័ន្ធដទៃៗទៀត ហើយងាកមករកកិច្ចសហការ ដោះស្រាយបញ្ហាជាមួយនឹងសហគមន៍អន្តរជាតិវិញ៕