(ម៉ានីល)៖ ក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារ នៅសណ្ឋាគារ-កាស៊ីណូលំដាប់​អន្តរ​ជាតិ​មួយ​កន្លែង​ក្នុងរដ្ឋធានីម៉ានីល ដែលបានបណ្តាលឲ្យមនុស្សសរុប៣៧នាក់ រួមទាំងជនបង្កហេតុផងដែរនោះស្លាប់ និង៥៤នាក់ផ្សេងទៀតរបួស ខណៈប៉ូលិសហ្វីលីពីន​បានហើយនៅតែបន្ត​អះ​អាង​ជា​ដដែលៗថា​ករណីនេះ ​មិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះឡើយ។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅយប់ថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។

នៅថ្ងៃសុក្រនេះ ខ្មាន់កាំភ្លើងម្នាក់បានសម្រុកចូលទៅក្នុងសណ្ឋាគារ-កាស៊ីណូ Resorts World Manila ហើយបានធ្វើការបាញ់បោះយ៉ាងកម្រោលដោយ​កាំភ្លើងស្វ័យប្រវត្តិមួយដើមរបស់ខ្លួន ប៉ុន្តែ​​ពុំ​បានត្រូវចំមនុស្សណាម្នាក់ឡើយ ហើយជនរូបនេះក៏បានចាក់សាំងដុតសម្ភារៈកាស៊ីណូ បណ្តាលឲ្យឆាបឆេះ​ឡើងយ៉ាងសន្ធោសន្ធៅ និងបន្តទៅប្រមែប្រមូលយកកាក់កាស៊ីណូយ៉ាងច្រើនសន្ធឹកសន្ធាប់ រួចគេចខ្លួនបាត់ស្រមោលទៅក្នុងភាពវឹកវរ។ យ៉ាងណាមិញ​ប៉ុន្មានម៉ោងក្រោយមក កម្លាំងប៉ូលិសក៏បានរកឃើញសាកសពមនុស្សយ៉ាងតិច៣៧នាក់ រួមទាំងខ្មាន់កាំភ្លើងផងដែរ ហើយពួកគេភាគច្រើន ត្រូវជឿ​ជាក់ថាបានបាត់បង់ជីវិត ដោយសារថប់ដង្ហើម ព្រោះតែផ្សែងអគ្គីភ័យក្នុងកាស៊ីណូ។

ជុំវិញហេតុការណ៍នេះ ក្រុមមន្រ្តីប៉ូលិសហ្វីលី​ពីន​បានជឿជាក់ថា វាពុំមែនជាអំពើភេរវកម្ម​ ដែលមានជាប់ពាក់ព័ន្ធ​នឹងបណ្តាញក្រុម ISIS នៅ​ក្នុង​ប្រទេស​ឡើយ និងបានអះអាងថា វាគឺជាករណីប្លន់​ស្ទើរ​ភ្លើង​មួយ ដែលប្រព្រឹត្ត​ដោយមនុស្សតែម្នាក់គត់ គ្មានបក្សពួកឡើយ។ ដោយឡែកនៅមុននេះបន្តិច ទីភ្នាក់​ងារ​ព័ត៌​មាន​របស់​ក្រុម ISIS មានឈ្មោះថា Amaq បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានបើកការវាយប្រហារដ៏កក្រើកនេះ ក៏ប៉ុន្តែ ISIS មិនបានបញ្ចេញ​ឈ្មោះ​ឬមួយក៏រូបភាពនៃសមាជិក​ទាំងនោះ ដែលបានបង្កសកម្មភាពវាយប្រហារនៅទីក្រុងម៉ានីលនេះនោះទេ។

ជាការឆ្លើយតបមេប៉ូលិស​ជាតិហ្វីលីពីន បានចេញមុខលើកឡើងថា «ពួក ISIS តែងតែអាចចេញមុខអះអាងថានេះថានោះ តាមតែចិត្តពួកគេចង់ ព្រោះពួកគេមានភាពល្បីល្បាញ​ដោយសារតែការធ្វើដូច្នោះ នៅរាល់ពេលមានអំពើវាយប្រហារដ៏ខ្មៅងងឹតកើតឡើងជុំវិញពិភពលោក។ ក៏ប៉ុន្តែករណីនាថ្ងៃសុក្រនេះ ពុំមានភស្តុតាងឬធាតុពិតជាក់ស្តែងណាមួយ​​ បញ្ជាក់ថាវាគឺជាសកម្មភាពភេរវកម្មឡើយ»៕

គួរបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ​កងទ័ពហ្វីលីពីន​បាន និងកំពុងតែធ្វើការប្រយុទ្ធយ៉ាង​ខ្លាំងក្លា ដើម្បី​កម្ចាត់ក្រុមឧទ្ទាមគាំទ្រ ISIS នៅក្នុងទីក្រុង Marawi នៃកោះ Mindanao ដែលសង្រ្គាមដ៏កក្រើកនេះ បានបណ្តាល​ឲ្យទាំងពលទាហាន ជនស៊ីវិល និងក្រុមសកម្ម​ប្រយុទ្ធសរុបរាប់រយ​នាក់ស្លាប់៕