(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានស្នើសុំឱ្យអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ជួយ ផ្ដល់យោបល់លើបញ្ហាកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៅក្នុងជំនួបមួយនៅថ្ងៃសុក្រនេះ ខណៈលោកកំពុងឈឺក្បាល នឹងរឿងប្រព័ន្ធមីស៊ីល THAAD និងកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ នេះបើតាមវិមានប្រធានាធិបតី Cheong Wa Dae ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរបើតាមអ្នកនាំពាក្យវិមាន Cheong Wa Dae លោក ផាក ស៊ូយ៉ុន (Park Soo-hyun) លោក បាន គីមូន និយាយថា លោកពេញចិត្តនឹងផ្ដល់យោបល់នៅពេលមានការស្នើសុំ។ «ខ្ញុំសប្បាយរីករាយក្នុងការឆ្លើយតបទៅកាន់ លោកប្រធានាធិបតី និងសំណើនៃរដ្ឋាភិបាលថ្មីរបស់លោក សម្រាប់ការប្រឹក្សាយោបល់គ្រប់ពេលវេលា»។ នេះបើតាមសម្ដីលោក បាន គីមូន។
គួរបញ្ជាក់ថា ជំនួបរវាងលោក បាន គីមូន និងលោក មូន ជេអ៊ីន ធ្វើឡើងនៅមុនពេលលោក មូន ផ្ទាល់ មានគំរោងជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងមិថុនានេះ។ មួយវិញទៀត នៅក្នុងជំនួបនេះ បញ្ហាដែលប្រធានាធិបតីកូរ៉េខាងត្បូង ចង់បានយោបល់ពីលោក បាន គីមូន គឺពាក់ព័ន្ធនឹងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិក THAAD នៅលើទឹកដីកូរ៉េខាងត្បូង ដែលកំពុងបង្កភាពតានតឹងជាមួយ ទីក្រុងប៉េកាំងព្រមទំាងការបាញ់សាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់ ពីសំណាក់កូរ៉េខាងជើង៕