(ប៉ារីស)៖ ប្រធានាធិបតីបារាំង, អធិការបតីអាល្លឺម៉ង់, នាយករដ្ឋមន្ត្រីអូស្ត្រាលី, នាយករដ្ឋមន្ត្រីសិង្ហបុរី, ប្រទេសជប៉ុន, និងមេដឹកនាំអឺរ៉ុប ព្រមទាំងអាស៊ីមួយចំនួនទៀត បានសម្តែងការសោកស្តាយជាពន់ពេកដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនៃបម្រែបម្រួលអាកាសធាតុ ដែលត្រូវបានចុះហត្ថលេខាដោយ លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៥ នៅទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
សម្រាប់ជំហររបស់មហាយក្សចិនវិញ ដែលត្រូវបានគេស្គាល់ថា ជាប្រទេសបំពុលពិភពលោកខ្លាំងបំផុត ដូចអាមេរិកដែរនោះបានអះអាងថា នឹងរួមសហការគ្នាជាមួយសហភាពអឺរ៉ុប ដើម្បីអនុវត្តន៍ទៅតាមអ្វីដែលមានចែង នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការទប់ស្កាត់បម្រែបម្រួលអាកាសធាតុភពផែនដី។
ងាកមកកាន់រដ្ឋាភិបាលជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់អាមេរិកនោះ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង ស្ដីពីបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស។ ប៉ុន្តែទន្ទឹមនឹងការសោកស្ដាយ ទីក្រុងតូក្យូបានប្ដេជ្ញាចិត្តថា នឹងបន្តធ្វើកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងតូក្យូ លោក Fumio Kishida បានលើកឡើងយ៉ាងដូច្នេះថា « ខណៈជប៉ុនសង្ឃឹមថា អាចនឹងធ្វើការជាមួយសហរដ្ឋអាមេរិក នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏ដោយ តែការសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ របស់ទីក្រុងវ៉ាស៊ីនតោន គឺជារឿងមួយគួរឱ្យសោកស្ដាយ... តែទោះជាយ៉ាងក្ដី ជប៉ុននឹងបន្តធ្វើការជាមួយភាគីដទៃទៀតសំដៅអនុវត្តន៍ ឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ»។
ចំពោះការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ត្បិតលោកធ្លាប់បានអះអាងជាច្រើនដង តំាងពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតមកម្លេះថា នឹងដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្រាប់ លោក ត្រាំ ដែលជាមេដឹកនាំប្រទេសបំពុលពិភពលោកខ្លាំងជាងគេ កិច្ចព្រមព្រៀងនេះគឺបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារនៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងធ្វើឱ្យទន់ខ្សោយអធិបតេយ្យភាពអាមេរិក ក៏ដូចជាអនុញ្ញាតឱ្យប្រទេសដទៃ នៅលើពិភពលោកទាញយកផលប្រយោជន៍ ជាអចិន្ត្រៃយ៍ពីសហរដ្ឋអាមេរិក។
ដោយឡែកឆ្លើយតបទៅនឹងការសម្រេចចិត្តនេះដែរ លោក ម៉ាក្រុង ប្រធានាធិបតីថ្មីរបស់បារាំង ដែលប្រទេសទទួលឲ្យបង្កើតកិច្ចព្រមព្រៀង ដ៏មានសារៈប្រយោជន៍ខ្ពស់ដល់ភពផែនដីនេះ បានលើកឡើងយ៉ាងដូច្នេះថា «លោក ត្រាំ បានប្រព្រឹត្តកំហុសធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ នៃប្រទេសរបស់គាត់ ប្រជាជនរបស់គាត់ ហើយកំហុសនេះទៀតសោត គឺសម្រាប់អនាគតផែនដីរបស់យើងទំាងមូល...ខ្ញុំសូមប្រាប់អ្នក (លោក ត្រាំ) ឱ្យច្បាស់នៅយប់នេះថា យើងនឹងមិនចរចាកិច្ចព្រមព្រៀងនេះឡើងវិញនោះទេ វាគ្មានផ្លូវឡើយ»។
ជុំវិញការដកខ្លួនពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រទេសបំពុលពិភពលោកធំជាងគេ បានអះអាងថា នឹងចរចាកិច្ចព្រមព្រៀងនេះឡើងវិញ ប៉ុន្តែទីក្រុងប៉ារីស និងទីក្រុងប៊ែរឡាំងនៅតែប្រកាន់គោលជំហរដូចគ្នា នោះគឺថាកិច្ចព្រមព្រៀងទីក្រុងប៉ារីស គ្មានផ្លូវចរចាឡើងវិញនោះទេ ហើយមិនតែប៉ុណ្ណោះ ប្រធានាធិបតីបារាំងក៏បានសន្យាដែរថា លោកនឹងធ្វើឱ្យពិភពលោកអស្ចារ្យជាថ្មីម្ដងទៀត៕