(ម៉ានីល)៖ ចំនួនសាកសពដែលរកឃើញ បានកើនឡើងដល់ ៣៦នាក់ហើយរួមទាំងខ្មាន់កាំភ្លើងម្នាក់ផងដែរ បន្ទាប់ពីសណ្ឋាគារ-កាស៊ីណូមួយកន្លែងនៅក្នុងរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីន ត្រូវបានជនប្រដាប់អាវុធរូបនេះ បង្កជាអគ្គីភ័យឆាបឆេះឡើង នាំឲ្យមនុស្សជាច្រើនត្រូវរលាកភ្លើង និងថប់ដង្ហើមស្លាប់ ខណៈពីដំបូងមានការចេញផ្សាយថា មានជនប្រដាប់អាវុធមួយចំនួននៅទីនោះ ហើយបានកើតមានការបាញ់បោះថែមទៀត។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៧។
ខ្មាន់កាំភ្លើងខាងលើ ដែលបានបង្កអគ្គីភ័យតែម្នាក់ឯងគត់នោះ បានសម្រុកចូលទៅក្នុងសណ្ឋាគារ-កាស៊ីណូ Resorts World Manila និងធ្វើការបាញ់បោះយ៉ាងកម្រោល ហើយចាក់សាំងដុតបំផ្លាញសម្ភារៈផ្សេងៗនៅក្នុងនោះ រួមទាំងខ្លួនឯងតែម្តង។ ជុំវិញហេតុការណ៍នេះ ក្រុមមន្រ្តីប៉ូលិសហ្វីលីពីនបានជឿជាក់ថា វាពុំមែនជាអំពើភេរវកម្ម ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមបណ្តាញ ISIS នៅក្នុងប្រទេសឡើយ និងបានអះអាងថា វាគឺជាករណីប្លន់ស្ទើរភ្លើងមួយ ដែលប្រព្រឹត្តដោយបុរសមិនគ្រប់សតិម្នាក់។ យោងតាមការត្រួតពិនិត្យសាកសពរបស់ជនដៃដល់ ជននោះបានដុតខ្លួនឯងហើយបាញ់សម្លាប់ខ្លួន។
ម៉្យាងវិញទៀត ក្នុងចំណោមសាកសពជនរងគ្រោះដែលបានបាត់បង់ជីវិត ពុំមាននរណាម្នាក់ទទួលរងស្នាមគ្រប់កាំភ្លើងនោះដែរ ហើយប៉ូលិសបានបន្ថែមថា ពួកគេទំនងជាបានស្លាប់ដោយសារថប់ខ្យល់ដកដង្ហើម ពីព្រោះតែផ្សែងអគ្គីភ័យយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍ដ៏អាក្រក់នេះ ក៏បានបន្យល់ទុកមនុស្សប្រមាណ ៥៤នាក់ផ្សេងទៀតរបួសស្រាលផងដែរ។
គួរបញ្ជាក់ថា ស្របពេលជាមួយគ្នានេះកងទ័ពហ្វីលីពីនបាន និងកំពុងតែធ្វើការប្រយុទ្ធខ្លាំងក្លា ដើម្បីកម្ចាត់ក្រុមឧទ្ទាមគាំទ្រ ISIS នៅក្នុងទីក្រុង Marawi នៃកោះ Mindanao ដែលសង្រ្គាមដ៏កក្រើកនេះ បានបណ្តាលឲ្យទាំងពលទាហាន ជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធសរុបរាប់រយនាក់ស្លាប់៕